ខ្លាំងនៅតែខ្លាំង! ព្រឹកម៉ិញកីឡាករ Messi រកគ្រាប់បាល់បាន២គ្រាប់ជួយឱ្យInter Miami ឆ្លងផុតវគ្គចែកពូល

ភ្នំពេញ ៖ Messi ស៊ុត២គ្រាប់ម្នាក់ឯង ជួយ Miami ឈ្នះ Atlanta ឆ្លងផុតវគ្គចែកពូល League Cup នៅព្រឹកថ្ងៃពុធទី២៦ ខែកក្កដានេះ ដូច្នេះធ្វើឱ្យ Inter Miami ទទួលបានលទ្ធផល ៤-០ លើក្រុម Atlanta United ហើយក្នុងចំណោម ៤គ្រាប់នោះ ក៏មានគ្រាប់បាល់ចំនួន ២គ្រាប់ ដែលរកបានដោយខ្សែប្រយុទ្ធប្រធានក្រុមថ្មីរបស់ក្រុម Lionel Messiផងដែរ។

នេះជាជោគជ័យលើកទី២ ក្រោយ Lionel Messi រកបានគ្រាប់បាល់ ២គ្រាប់បន្ថែមទៀតឱ្យក្រុមថ្មី Inter Miami ក្នុងការប្រកួតដែលយកឈ្នះលើក្រុម Atlanta United ក្នុងលទ្ធផល ៤-០ នៃជំនួបវគ្គចែកពូលពានរង្វាន់ League Cup។ Messi ជួយក្រុម Inter Miami ឆ្លងទៅកាន់វគ្គជម្រុះ បន្ទាប់ពីយកឈ្នះពីរប្រកួតនាថ្ងៃទី២៥ ខែកក្កដានេះ។

 

ពានរង្វាន់ League Cup ដែលក្រុម Inter Miami បានប្រកួតឈ្នះ ២លើកជាប់គ្នា ហើយឆ្លងទៅកាន់វគ្គជម្រុះ ពានរង្វាន់មួយនេះគឺជាការប្រកួតប្រជែងរវាងក្រុមទាំងអស់ ដែលស្ថិតក្នុងលីគបាល់ទាត់ Major League Soccer ប្រជែងជាមួយនឹងលីគបាល់ទាត់ Liga MX របស់ប្រទេសម៉ិកស៊ិក។ ការប្រកួតពានរង្វាន់ League Cup មានរចនាសម្ព័ន្ធការប្រកួតដូចទៅនឹង World Cupដែរ។

បច្ចុប្បន្ននេះ នៅក្នុងLeague Cup ភាគខាងត្បូងពូលទី៣ Inter Miami ជាក្រុមឈរនៅកំពូលតារាងដោយរកបានជ័យជម្នះទាំង ២ប្រកួតក្នុងពូល ដោយបានយកឈ្នះលើក្រុម Cruz Azul ដែលជាជំនួបទី១ លទ្ធផល ១-០។

 

សូមជម្រាបផងដែរថា ការប្រកួតទី១ ដែល Messi បានផ្តូរចូលលេងនៅដើមវគ្គទីពីរ ប៉ុន្តែការប្រកួតជាមួយជ័យជម្នះដ៏ធំធេងលើកនេះ ប្រធានក្រុមសញ្ជាតិអាហ្សង់ទីនរូបនេះ បានចូលលេងតាំងពីវគ្គទីមួយតែម្តង។ ២គ្រាប់របស់ Messi ដោយគ្រាប់ដំបូងកើតឡើងនៅនាទីទី៨ ដោយគ្រាប់បាល់នោះជាការបង្កើតឱកាសពីសំណាក់អតីតមិត្តរួមក្រុមនៅ Barcelona កីឡាករខ្សែបម្រើ Sergio Busquets។

គ្រាប់បាល់ទី២ របស់ Messi ធ្វើបាននៅនាទីទី២២ ដោយគ្រាប់បាល់នោះជាការបញ្ជូនបាល់បានយ៉ាងល្អពីសំណាក់កីឡាករមិត្តរួមក្រុម Robert Taylor ដែលជាកីឡាកររកបានគ្រាប់បាល់ ២គ្រាប់ដូច Messi ក្នុងការប្រកួតនោះដែរ។ Robert Taylor ស៊ុតចូល ២គ្រាប់នៅនាទី ៤៤ និង ៥៣៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២