សហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយសន្តិសុខចំនួន ៤០០ លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន

យោងតាមក្រសួងការពារជាតិអាមេរិក(DoD) បានឱ្យដឹងថា សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយយោធាចំនួន 400 លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែនកាលពីថ្ងៃអង្គារ រួមទាំងអាវុធការពារដែនអាកាស កាំភ្លើងធំ និងគ្រាប់រំសេវផ្សេងៗទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា ការអនុញ្ញាតនេះគឺជាការដកឧបករណ៍ចំនួន 43 របស់រដ្ឋបាល Biden ពីស្តុក DoD សម្រាប់អ៊ុយក្រែនចាប់តាំងពីខែសីហា ឆ្នាំ 2021 ខណៈដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានបន្តផ្តល់អាវុធ និងឧបករណ៍ដែលវាត្រូវការសម្រាប់សមរភូមិនៅអ៊ុយក្រែន ។

កញ្ចប់ជំនួយថ្មីបន្ថែមនេះរួមមាន៖ អាវុធការពារដែនអាកាសបន្ថែម កាំភ្លើងធំ និងគ្រាប់រំសេវជាច្រើនផ្សេងទៀត រថពាសដែក អាវុធប្រឆាំងពាសដែក និងឧបករណ៍ផ្សេងទៀត ដើម្បីជួយអ៊ុយក្រែន ទប់ទល់នឹងសង្រ្គាមឈ្លានពានរបស់រុស្សី។ជំនួយនេះក៏នឹងរួមបញ្ចូលផងដែរនូវយន្តហោះគ្មានមនុស្សបើក Hornet ដែលផលិតដោយ FLIR Systems ដែលនឹងត្រូវបញ្ជូនទៅអ៊ុយក្រែនជាលើកដំបូង។

មន្ទីរបញ្ចកោណបាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន ដើម្បីផ្តល់ឱ្យអ៊ុយក្រែននូវសមត្ថភាព ដើម្បីបំពេញតម្រូវការសមរភូមិភ្លាមៗ និងតម្រូវការជំនួយសន្តិសុខរយៈពេលវែង។រហូតមកដល់ពេលនេះសហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាជាង 41 ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរុស្សីឈ្លានពានអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ 2022មក។

កញ្ចប់ជំនួយនេះ បានកើតឡើងខណៈពេលអ៊ុយក្រែនកំពុងបន្តការវាយលុកប្រឆាំងនឹងរុស្សីដើម្បីដណ្តើមយកទឹកដីរបស់ខ្លួនត្រឡប់មកវិញ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះបាននិយាយថា អ៊ុយក្រែនបានយកមកវិញនូវទឹកដីប្រហែល 50% នៃទឹកដីដែលរុស្សីរឹបអូសបាន ខណៈពេលដែលរក្សាបានថា ការវាយលុករបស់អ៊ុយក្រែននៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។ តែប្រធានាធិបតីរុស្សីលោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា ការវាយលុករបស់អ៊ុយក្រែន បានបរាជ័យ៕


ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២