សមត្ថកិច្ចកម្ពុជាជួយសង្គ្រោះក្មេងស្រីជនជាតិចិន ជានិស្សិតរស់នៅប្រទេសជប៉ុន ដែលបានចាញ់បោកក្រុមឧក្រិដ្ឋជនណែនាំឲ្យមកកម្ពុជាដើម្បីថតវីដេអូសម្តែងថា រងគ្រោះដោយអំពើបង្ខាំង និងចាប់ជំរិត

ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជាបានជួយសង្គ្រោះក្មេងស្រីជនជាតិចិនរស់នៅប្រទេសជប៉ុន ដែលបានចាញ់បោកក្រុមឧក្រិដ្ឋជនក្លែងបន្លំជានគរបាលនៃប្រទេសចិន ហើយបានណែនាំក្មេងស្រីរងគ្រោះឲ្យមកប្រទេសកម្ពុជាដើម្បីថតរូប និងធ្វើវីដេអូសំដែងថារងគ្រោះដោយអំពើបង្ខាំង និងចាប់ជំរិតនៅកម្ពុជា។ ក្រុមឧក្រិដ្ឋជនបានជម្រិតទារប្រាក់ពីក្រុមគ្រួសារក្មេងស្រីរងគ្រោះចំនួន ២០០លានយ៉េន ប្រមាណជា ១.៤លានដុល្លារអាមេរិក។ សមត្ថកិច្ចកម្ពុជា ក៏កំពុងសហការជាមួយភាគីបរទេស ដើម្បីស៊ើបអង្កេតបន្តរកជនល្មើសដែលនៅពីក្រោយករណីនេះផងដែរ។

លោកឧត្តមសេនីយ៍ត្រី គី វណ្ណារ៉ា សមាជិកក្រុមការងារ Hotline ជនបរទេស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងនៅក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃទី២៦ ខែកក្កដានេះថា កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៣ នគរបាលជាតិកម្ពុជាបានទទួលព័ត៌មានតាមរយៈ គេហទំព័រហ្វេសប៊ុករបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានស្ត្រីម្នាក់ឈ្មោះ YI ជាជនជាតិចិនរស់នៅប្រទេសជប៉ុន បានស្នើសុំសមត្ថកិច្ចកម្ពុជាឲ្យជួយអន្តរាគមន៍ស្វែងរក និងសង្គ្រោះកូនស្រីរបស់គាត់ឈ្មោះ LAN អាយុ ១៩ឆ្នាំ ជានិស្សិតនៃសាកលវិទ្យាល័យក្នុងប្រទេសជប៉ុនថាកំពុងត្រូវបានរងការចាប់ជំរិតនៅកម្ពុជា។

ការប្ដឹងស្នើសុំកិច្ចអន្តរាគមន៍ស្វែងរក និងសង្គ្រោះនេះ គឺធ្វើឡើងបន្ទាប់ពីស្ត្រីជាម្ដាយ បានបាត់ទំនាក់ទំនងជាមួយកូនស្រីរបស់គាត់កាលពីថ្ងៃទី ១៥/០៧/២៣ ហើយបន្ទាប់មកនៅថ្ងៃទី ១៧/០៧/២៣ មានជនមិនស្គាល់អត្តសញ្ញាណបានខលទូរស័ព្ទប្រាប់ថា កូនស្រីគាត់កំពុងស្ថិតក្នុងដៃរបស់ពួកគេនៅប្រទេសកម្ពុជា អមជាមួយរូបថត និងវីដេអូ ហើយបានជំរិតទារប្រាក់ ២០០លានយ៉េន (ប្រមាណ ១.៤លានដុល្លារ) បន្ទាប់មកមានការចរចាតម្លៃត្រឹម ៣០លានយ៉េន (ប្រមាណ ២១ម៉ឺនដុល្លារ)។

ក្រោយទទួលបានប្ដឹងរបស់ស្ត្រីជាម្ដាយខាងលើ កម្លាំងសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការគ្នាស្រាវជ្រាវ ហើយជាលទ្ធផល នៅថ្ងៃទី ១៩/០៧/២៣ ដដែល សមត្ថកិច្ចបានស្វែងរកឃើញក្មេងស្រីនៅទីតាំងសណ្ឋាគារមួយកន្លែង ដោយស្នាក់នៅម្នាក់ឯង និងពុំមានស្ថានភាពរងគ្រោះនៃអំពីចាប់ជំរិតអ្វីឡើយ។

លោកឧត្តមសេនីយ៍ត្រី គី វណ្ណារ៉ា បានបន្តថា តាមការសាកសួរដោយសមត្ថកិច្ច ក្មេងស្រីរូបនេះបានឲ្យដឹងថា កាលពីថ្ងៃទី ០៥/០៧/២៣ មានជនមិនស្គាល់អត្តសញ្ញាណ បានខលចូលប្រាប់ថា គេជាសមត្ថកិច្ចនគរបាលនៃប្រទេសចិន កំពុងស៊ើបអង្កេតបទល្មើសលើនាង ព្រោះសមត្ថកិច្ចចាប់បានជនល្មើសម្នាក់ពាក់ព័ន្ធបទល្មើសឆបោកប្រាក់ ហើយប្រាក់ដែលឆបោកនោះត្រូវបានដាក់នៅក្នុងគណនីរបស់ក្មេងស្រីរូបនេះ។ នាងត្រូវបានគេគំរាមឲ្យរក្សាការសម្ងាត់ ដោយមិនត្រូវប្រាប់នរណាម្នាក់ឡើយ និងត្រូវសហការធ្វើតាមការណែនាំនានា បើពុំនោះទេនឹងត្រូវចាប់ខ្លួន ហើយមានបញ្ហាដល់គ្រួសារទាំងមូលតែម្ដង៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២