ទុយនីស៊ីរកឃើញសាកសពជនចំណាកស្រុកចំនួន 901 នាក់ ដែលលង់ទឹកស្លា.ប់នៅឆ្នេរសមុទ្ររបស់ខ្លួន នាឆ្នាំនេះ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសទុយនីស៊ី លោក Kamel Feki បាននិយាយកាលពីថ្ងៃពុធថា ឆ្មាំឆ្នេរសមុទ្រទុយនីស៊ីបានរកឃើញសាកសពជនចំណាកស្រុកដែលលង់ទឹកស្លាប់ចំនួន 901 នាក់នៅឆ្នេរសមុទ្ររបស់ខ្លួនចាប់ពីថ្ងៃទី 1 ខែមករាដល់ថ្ងៃទី 20 ខែកក្កដាឆ្នាំនេះ ដែលជាតួលេខនៃចំនួនជនរងគ្រោះដែលមិនធ្លាប់មានពីមុនមកនៅឆ្នេរសមុទ្ររបស់ប្រទេស។

ប្រទេសអាហ្រ្វិកខាងជើងកំពុងប្រឈមមុខនឹងរលកនៃការធ្វើចំណាកស្រុកក្នុងឆ្នាំនេះ និងគ្រោះមហន្តរាយជាញឹកញាប់នៃការលិចទូករបស់ជនចំណាកស្រុកមកពីអនុតំបន់សាហារ៉ាអាហ្រ្វិកដែលធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រអ៊ីតាលី។ ទុយនីស៊ីបានជំនួសលីប៊ីជាចំណុចចាកចេញដ៏សំខាន់របស់តំបន់សម្រាប់ប្រជាជនដែលភៀសខ្លួនចេញពីភាពក្រីក្រ និងជម្លោះនៅក្នុងទ្វីបអាហ្រ្វិក និងមជ្ឈិមបូព៌ាក្នុងក្តីសង្ឃឹមនៃជីវិតកាន់តែប្រសើរឡើងនៅអឺរ៉ុប។

លោក Feki បានប្រាប់សភាថា ក្នុងចំណោមសាកសពចំនួន 901នាក់ដែលត្រូវបានរកឃើញមានជនជាតិទុយនីស៊ីចំនួន 36 នាក់ និងជនចំណាកស្រុក 267 នាក់ ដែលមិនស្គាល់អត្តសញ្ញាណច្បាស់លាស់។ ទូកភាគច្រើនបានដឹកជនចំណាកស្រុកចេញពីឆ្នេរសមុទ្រនៃទីក្រុង Sfax ភាគខាងត្បូង។ ជនចំណាកស្រុកគ្មានឯកសាររាប់ពាន់នាក់បានសម្រុកទៅកាន់ទីក្រុងឆ្នេរសមុទ្រ Sfax ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជាមួយនឹងគោលដៅនៃការធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបតាមទូកដែលដំណើរការដោយអ្នកជួញដូរមនុស្ស ដែលនាំឱ្យមានវិបត្តិចំណាកស្រុកដែលមិនធ្លាប់មានពីមុនមកសម្រាប់ទុយនេស៊ី។

ទិន្នន័យផ្លូវការបានបង្ហាញថា ជនចំណាកស្រុកតាមទូកប្រហែល 75 065 នាក់បានទៅដល់ប្រទេសអ៊ីតាលីនៅថ្ងៃទី 14 ខែកក្កដា ធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុនគឺមានជនចំណាក់ស្រុកចំនួន 31920នាក់។ ជាងពាក់កណ្តាលនៃជនចំណាក់ស្រុកបានចាកចេញពីទុយនីស៊ី។ សហភាពអឺរ៉ុប និងទុយនីស៊ីបានចុះហត្ថលេខាកាលពីខែកក្កដានូវកិច្ចព្រមព្រៀង “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលរួមមានការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងការរឹតបន្តឹងព្រំដែនសមុទ្រអំឡុងពេលមានការកើនឡើងយ៉ាងខ្លាំងនៃទូកចាកចេញពីប្រទេសអាហ្វ្រិកខាងជើងឆ្ពោះទៅអឺរ៉ុប៕

  

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២