អាសន្នធំហើយរុស្សី អ៊ុយក្រែនប្រើ Drone ចូលទៅវាយប្រហារដល់ទីក្រុងមូស្គូ ប៉ុន្តែរុស្សីថា ខ្លួន​បាន​រារាំង​ការ​វាយ​ប្រហារ​ និងបាញ់ទម្លាក់អស់៣គ្រឿង

រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន សំដៅទៅលើទីក្រុងមូស្គូ និងឧបទ្វីបគ្រីមៀ ក្នុងការវាយប្រហារដែលបានបំផ្លាញអគារការិយាល័យចំនួនពីរនៅក្នុងរដ្ឋធានី និងបានបិទអាកាសយានដ្ឋានអន្តរជាតិមួយរយៈពេលខ្លី។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿង សំដៅលើទីក្រុងមូស្គូ ត្រូវបានបាញ់ទម្លាក់នៅជាយក្រុង និងពីរគ្រឿងផ្សេងទៀតក៏ត្រូវបានទម្លាក់ដោយប្រព័ន្ធបច្ចេកវិជ្ជា បន្ទាប់ពីបានវាយប្រហារទៅលើអគារការិយាល័យមួយកាលពីព្រឹកថ្ងៃអាទិត្យ ប៉ុន្តែមិនមានអ្នករងរបួសនោះទេ។

បន្ទាប់ពីការវាយប្រហារ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានថា “សង្រ្គាម” កំពុងមកដល់ប្រទេសរុស្ស៊ី។ លោក Zelensky បាននិយាយនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Ivano-Frankivsk ភាគខាងលិចថា “បន្តិចម្តងៗ សង្រ្គាមកំពុងវិលត្រលប់មកទឹកដីនៃប្រទេសរុស្ស៊ីវិញ ទៅកាន់មជ្ឈមណ្ឌលនិមិត្តសញ្ញា និងមូលដ្ឋានយោធារបស់ខ្លួន ហើយនេះគឺជាដំណើរការធម្មជាតិ និងយុត្តិធម៌ដែលជៀសមិនរួច”។ រុស្ស៊ី​ត្រូវ​បាន​គេ​កំណត់​គោលដៅ​ជាមួយ​នឹង​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ថ្មីៗ​នេះ រួម​ទាំង​នៅ​វិមាន​ក្រឹមឡាំង និង​ទីប្រជុំជន​រុស្ស៊ី​ក្បែរ​ព្រំដែន​ជាមួយ​អ៊ុយក្រែន ដែល​ក្រុង​ម៉ូស្គូ​បាន​បន្ទោស​លើ​ក្រុង​គៀវ។

ក្រសួងការពារជាតិរុស្សីបាននិយាយនៅលើ Telegram ថា “នៅព្រឹកថ្ងៃទី 30 ខែកក្កដា ការប៉ុនប៉ងវាយប្រហារភេរវកម្មរបស់របបទីក្រុង Kyiv ជាមួយនឹងយន្តហោះគ្មានមនុស្សបើកលើវត្ថុនានាក្នុងទីក្រុងម៉ូស្គូត្រូវបានរារាំង។UAV អ៊ុយក្រែនមួយត្រូវបានបំផ្លាញនៅលើអាកាសដោយប្រព័ន្ធការពារអាកាសនៅលើទឹកដីនៃស្រុក Odintsovo នៃតំបន់ម៉ូស្គូ។ យន្តហោះគ្មានមនុស្សបើកពីរគ្រឿងទៀតត្រូវបានបង្ក្រាបដោយសង្គ្រាមអេឡិចត្រូនិក ហើយដោយបាត់បង់ការគ្រប់គ្រង ក៏បានធ្លាក់នៅលើទឹកដីនៃអគារមិនមែនលំនៅដ្ឋានរបស់ទីក្រុង Moscow៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២