ជាប់ពន្ធនាគារម្តងហើយមិនរាងចាល ចេញមកវិញធ្វើសកម្មភាពឆក់កាបូប និងខ្សែកពីជនរងគ្រោះនៅតាមដងផ្លូវបានពីរដងទៀត ត្រូវសមត្ថកិច្ចចាប់បានបញ្ជូនទៅដាក់ពន្ធនាគារវិញ

មុខសញ្ញាចាស់​ទើបចេញពីពន្ធនាគារមិនរាងចាល ចេញធ្វើសកម្មភាពឆក់ចំនួន០២ដងទៀត​ ដោយឆក់ខ្សែក​ និងឆក់កាបូបជនរងគ្រោះនៅតាមដងផ្លូវទៀត ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ហើយឈានទៅចាប់ជនសង្ស័យបាន នៅថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០២៣​ វេលាម៉ោង២៣ និង៤០នាទី​ នៅត្រង់ចំណុច​ផ្លូវ​លេខ១៧២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យប្រាប់សមត្ថកិច្ចជំនាញ ​នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឱ្យដឹងថា បន្ទាប់ពីរូបគេចេញពីពន្ធនាគា រូបគេបានធ្វើសកម្មភាពចេញឆក់ទៀតដោយករណីទី០១​គឺនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១០ និង០០នាទី​ ដោយបានធ្វើសកម្មភាពឆក់ខ្សែកពីបុរសម្នាក់កំពុងឈប់ម៉ូតូខ្ចប់គុយទាវ​ បានសម្រេច​ នៅចំណុច​មុខហាងគុយទាវអង្គរជុំ​ ស្ថិតនៅផ្លូវលេខ​៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។​ បន្ទាប់ពីបានធ្វើសកម្មភាពរួច​ ក៏បានយកខ្សែក​ ទៅលក់នៅតូប០១កន្លែង​ ក្នុងផ្សារឈូកមាស​ បានប្រាក់ចំនួន​ ៧៥០ដុល្លារ។ហើយករណីទី០២គឺនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣​ វេលាម៉ោង២២ និង៣០នាទី​ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះកំពុងជិះម៉ូតូបានសម្រេចនៅចំណុចផ្លូវ​លេខ២៦៥កែងផ្លូវលេខ១៥០​ ក្នុងសង្កាត់ទឹកល្អក់ទី២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំពោះ​ សម្ភារៈក្នុងកាបូបមាន​ទូរស័ព្ទម៉ាក​ អាយហ្វូន​ ១៣​ ពណ៌ផ្កាឈូក​ បន្ទាប់មករូបគេក៏បានយកទៅលក់ឱ្យបុរសម្នាក់​ បានប្រាក់ចំនួន​ ៤៨០ដុល្លារ។

ជនសង្ស័យឆក់កាបូប និងខ្សែកជនរងគ្រោះនៅតាមដងផ្លូវយ៉ាងសកម្ម ដែលសមត្ថកិច្ចចាប់បាននេះមានឈ្មោះ សុវណ្ណ​ ឧត្តមរង្សី ហៅ​ តួ ភេទប្រុស​ អាយុ២៨ឆ្នាំ​ ជនជាតិខ្មែរ ដោយរូបគេធ្លាប់ជាប់ពន្ធនាគារម្តងមកហើយ ក្នុងករណីឆក់កាបូបពីជនរងគ្រោះតាមផ្លូវដូចគ្នា។

បន្ទាប់ពីចាប់ខ្លួន សម្ភារដកហូតបានរួមមាន៖

-ម៉ូតូម៉ាក​ហុងដាឃ្លីក ពណ៌ខ្មៅ​​ ពាក់ស្លាកលេខ​ ភ្នំពេញ​1KA-2583(មិនប្រក្រតី)។ហើយកម្លាំងជំនាញបាននាំជនសង្ស័យខាងលើ​ ទៅចង្អុលបង្ហាញតូប​ ០១កន្លែង​ ក្នុងផ្សារឈូកមាស​ ដែលខ្លួនបានយកខ្សែក​ ទៅលក់​ ដើម្បីកម្លាំងជំនាញទៅដកហូតខ្សែក​ យកមកប្រគល់ជូនជនរងគ្រោះវិញ​ ប៉ុន្តែខ្សែកខាងលើ​ ត្រូវបានម្ចាស់តូបរំលាយជាដុំលោហៈធាតុ​ ពណ៌លឿងបាត់ទៅហើយ​ តែម្ចាស់តូបបានប្រគល់​ដុំលោហៈធាតុ​ ពណ៌លឿង​ ទម្ងន់ចំនួន០១តម្លឹង​ មកឱ្យសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បន្ទាប់ពីធ្វើការដកហូតរួចមក​ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានធ្វើការប្រគល់ដុំលោហៈធាតុ​ ពណ៌លឿង​  ទម្ងន់០១តំឡឹង​នោះទៅឱ្យជនរងគ្រោះវិញ​។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ​ ការិយាល័យកំពុង​បញ្ជូន​ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២