ភ្នំពេញ៖ កំពូលព្រឹត្តិការណ៍ប្រដាល់គុនខ្មែរនៅស្ថានីយទូរទស្សន៍ថោននាថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២៣នេះនឹងនាំយកកីឡាករជើងខ្លាំងជាតិ និងអន្តរជាតិល្បីៗមកតតាំងគ្នានៅលើសង្វៀនទៀតហើយគឺសុទ្ធសឹងតែជាកីឡាករជើងចាស់ និងកីឡាករវ័យក្មេង ដែលពោរពេញទៅដោយសមត្ថភាព និងបទពិសោធន៍ នៅលើសង្វៀនរាប់ភ្លេច។


ការប្រកួតនៅក្នុងសប្តាហ៍នេះ មានរហូតទៅដល់ ៥ គូក្នុងនោះការប្រកួតគូរពិសេសគុនខ្មែរ ៥ ទឹកមានចំនួន ៣ គូ និងការប្រកួតគូមិត្តភាពអន្តរជាតិមានចំនួនពីរគូ។

ការប្រកួតគូពិសេសគុនខ្មែរទី១គឺជាការជួបគ្នារវាងកីឡាករវណ្ណា សុវណ្ណ ប៉ះជាមួយកីឡាករ សុវណ្ណឌឿន សុខលីម មកពីក្លឹបនរាយតេជះប្រកួតក្នុងប្រភេទម្ងន់ ៥១ គីឡូក្រាម។ គូពិសេសគុនខ្មែរទី ២ ជាការជួបគ្នារវាងកីឡាករប្រាក់ ភារិន ជួបប្រកួតជាមួយខាំ ខ្លារ៉ាម ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។ រីឯឆនឈៀង រ៉ាន់ នឹងជួបតតាំងគ្នាជាមួយកីឡាករ តាំង សីហា ក្នុងប្រភេទទម្ងន់ ៦០ គីឡូ។

ដោយឡែកសម្រាប់ការប្រកួតគូមិត្តភាពអន្តរជាតិពិសេសវិញគឺជាការជួបគ្នារវាងកីឡាករ អេលីត ហុងកន ប៉ះជាមួយស៊ីបនសេន ចាយុទ្ធកងស៊ើប មកពីប្រទេសថៃ ប្រកួតក្នុងប្រភេទទម្ងន់ ៦៧ គីឡូក្រាម។ហើយគូពិសេស ដែលនឹងមកអង្រួនសង្វៀននៅក្នុងសប្តាហ៍នេះគឺការប្រកួតមិត្តភាពអន្តរជាតិបីទឹកគឺជាជួបគ្នារវាងកីឡាកររឿង សោភ័ណ្ឌប៉ះជាមួយកីឡាករជើងខ្លាំង ដេន សូរីយ៉ាធំផាន់មួង មកពីប្រទេសថៃ។

ការប្រកួតគូជក់ចិត្តទាំងនេះនឹងធ្វើឡើងនាថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣ នាចុងសប្តាហ៍នេះ ការប្រកួតនឹងចាប់ផ្តើមពីវេលាម៉ោង ៧យប់តទៅ។ ទស្សនិកជនអាចចូលរួមទស្សនាដោយសេរី នៅស្ថានីយទូរទស្សន៍ថោន ដែលមានទីតាំងនៅសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ៕

ដោយ៖ វិកគី

