Zelensky ប្តេជ្ញាសងសឹកឱ្យគ្រួសារដែលត្រូវបានសម្លាប់ ដោយការបាញ់ផ្លោងរបស់ទាហានរុស្សីនៅជិតតំបន់ Kherson

បន្ទាប់ពីគ្រួសារមួយមានគ្នាបួននាក់ត្រូវបានសម្លាប់ដោយការបាញ់ផ្លោងដោយកាំភ្លើងធំរបស់រុស្ស៊ីនៅតំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសពីការសងសឹក។ដោយគាត់បាននិយាយនៅក្នុង Telegram របស់គាត់កាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះថា គ្រឿងបរិក្ខារ ឃ្លាំង ស្ពាន Kerch និងកន្លែងផ្សេងៗជាច្រើនទៀតត្រូវបានបំផ្លាញ ដែលទាំងអស់នេះបង្ហាញថា យើងនឹងមិនទុកឱ្យឧក្រិដ្ឋកម្មណាមួយរបស់រុស្ស៊ីដោយគ្មានការឆ្លើយតបនោះឡើយ។

នៅក្នុងតំបន់ Kherson តែមួយ អាជ្ញាធរបាននិយាយថា មានមនុស្ស 7 នាក់បានស្លាប់ និងប្រហែល 15 នាក់ផ្សេងទៀតបានរងរបួស។

យោងតាមអាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា នៅក្នុងភូមិ Shyroka Balka កាំភ្លើងធំរបស់រុស្ស៊ីបានសម្លាប់មនុស្សចំនួន 5 នាក់ ក្នុងនោះគ្រួសារមានសមាជិក 4 នាក់ រួមទាំងឪពុក ម្តាយ កូនប្រុសអាយុ 12 ឆ្នាំ និងទារកអាយុប្រហែល 3 សប្តាហ៍ផងដែរ កាលពីព្រឹកថ្ងៃអាទិត្យ។

លោកZelensky បាននិយាយនៅក្នុងសុន្ទរកថារបស់គាត់ថា តំបន់នេះត្រូវបានបាញ់ផ្លោងចំនួន 17 ដងដោយការបាញ់របស់កងទ័ពរុស្ស៊ីនៅអំឡុងពេលថ្ងៃ។ រដ្ឋបាលយោធាក្នុងតំបន់បានប្រកាសថ្ងៃកាន់ទុក្ខក្នុងតំបន់កាលពីនៅថ្ងៃច័ន្ទនេះ។

រុស្ស៊ី​បាន​ធ្វើ​សង្រ្គាម​ចូលទៅឈ្លានពាន​អ៊ុយក្រែន​​អស់​រយៈពេល​ជាង ១៧ ខែមកហើយ។អង្គការសហប្រជាជាតិបានចុះបញ្ជីជាផ្លូវការនូវជនស៊ីវិលជាង 9,000 នាក់ដែលត្រូវបានសម្លាប់នៅក្នុងជម្លោះ ប៉ុន្តែចំនួនពិតប្រាកដគឺប្រហែលជាច្រើនជាងនេះ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២