ភ្លើងឆេះព្រៃនៅកោះ Hawaii បណ្តាលឱ្យមនុស្សស្លាប់ ៩៩នាក់ ហើយលោក Biden ប្រកាសថា នឹងធ្វើដំណើរទៅកាន់ដែនកោះមួយនេះ

ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃអង្គារ បាននិយាយថា លោកនឹងធ្វើដំណើរទៅកោះហាវ៉ៃ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីភ្លើងឆេះព្រៃ ដែលបានសម្លាប់មនុស្សយ៉ាងតិច ៩៩នាក់។ លោក Biden បាននិយាយនៅអំឡុងពេលសុន្ទរកថានៅទីក្រុង Milwaukee រដ្ឋ Wisconsin ថា “ភរិយារបស់ខ្ញុំ Jill និងខ្ញុំនឹងធ្វើដំណើរទៅ Hawaii ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។

លោក Biden បានសន្យាផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយរបស់រដ្ឋាភិបាលដល់ប្រជាជននៅរដ្ឋហាវ៉ៃពីរថ្ងៃបន្ទាប់ពីភ្លើងបានឆេះឡើងកាលពីសប្តាហ៍មុន។ ប្រធានាធិបតីសហរដ្ឋអាមេរិកក៏បាននិយាយផងដែរថា លោកបានទូរស័ព្ទទៅអភិបាលរដ្ឋហាវ៉ៃលោក Josh Green នៅថ្ងៃអង្គារនោះដែរ ដើម្បីពិភាក្សាអំពីការស្តារឡើងវិញនៃកោះហាវ៉ៃបន្ទាប់ពីភ្លើងឆេះព្រៃដ៏សាហាវបំផុតក្នុងមួយសតវត្សរ៍ដែលបានឆក់យកជីវិតមនុស្ស 99 នាក់ ។

ភ្លើងឆេះព្រៃបានផ្ទុះឡើងកាលពីថ្ងៃទី 8 ខែសីហា នៅកន្លែងជាច្រើននៅលើកោះ Maui និងកោះ Hawaii ជិតខាងដែលមានឈ្មោះដូចគ្នាទៅនឹងរដ្ឋរបស់សហរដ្ឋអាមេរិក។ ទីក្រុងតូចមួយនៃ Lahaina នៅលើកោះ Maui ដែលមានប្រជាជនចំនួន 13,000 នាក់ មុនពេលគ្រោះមហន្តរាយនេះ ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង។ ផ្លូវជាច្រើននៅទីនោះមើលទៅដូចជាតំបន់សង្គ្រាម។ កណ្តាលទីក្រុង Lahaina ត្រូវបានបំផ្លាញទាំងស្រុង ខណៈដែលកងកម្លាំងសង្គ្រោះបន្ទាន់កំពុងបន្តស្វែងរកអ្នកបាត់ខ្លួន។ ប៉ូលីស Maui បាននិយាយថា គិតត្រឹមព្រឹកថ្ងៃអង្គារ ចំនួនអ្នកស្លាប់ដែលបានបញ្ជាក់គឺមានចំនួនរហូតដល់ទៅ ៩៩ នាក់ ៕

  
ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២