បញ្ជូនខ្លួនអ្នកបើកបរម៉ូតូឡាំប្រឺតាបញ្ច្រាសទិសមានបំណងបង្កហិង្សាដោយប្រើដែកទីបចង់វាយទៅលើអ្នកបើកបររថយន្ត ទៅកាន់តុលាការនារសៀលនេះហើយ

ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានបញ្ជូនខ្លួន ជើងខ្លាំងអ្នកបើកបរម៉ូតូឡាំប្រឺតាបញ្ច្រាសទិស ហើយមានបំណងបង្កហិង្សាដោយប្រើដែកទីបចង់វាយទៅលើអ្នកបើកបររថយន្ត ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣នេះ ដើម្បីប្រគល់ឱ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានឃើញវីដេអូ នៅលើបណ្តាញសង្គមភ្លាម លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់សមត្ថកិច្ចត្រូវស្រាវជ្រាវរកអ្នកបើកបរម៉ូតូឡាំប្រឺតាបញ្ច្រាសទិស ដែលមានបំណងប្រើដែកទីបវាយទៅលើអ្នកបើកបររថយន្តនោះឲ្យឃើញ ។

ដោយអនុវត្តតាមបទបញ្ជា កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលឃាត់ខ្លួនបុរសអ្នកបើកបរម៉ូតូឡាំប្រឺតាដែលបើកបរបញ្ច្រាសទិសនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រួចក៏មានជម្លោះប្រកែកគ្នាដោយអ្នកបើកបរម៉ូតូឡាំប្រឺតាមានបំណងប្រើប្រាស់ដែកទីបវាយទៅលើម្ចាស់រថយន្ត និងអ្នករួមដំណើរទៀតផង ។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២