បុរសជនជាតិវៀតណាម២នាក់ ផឹកស៊ីជាមួយគ្នាសុខៗស្រាប់តែមានជម្លោះពាក្យសម្តីគ្នា រហូតទាញកាំបិតចាក់គ្នាស្លាប់១នាក់

ភ្នំពេញ ៖ បុរសជនជាតិវៀតណាម២នាក់ ផឹកស៊ីជាមួយគ្នាសុខៗស្រាប់តែមានជម្លោះពាក្យសម្តី ដោយភាគីបុរសជាជនរងគ្រោះ បានហៅភាគីជនបង្ក និងជាជនដៃដល់ឡើងទៅលើជាន់ទី៣ រួចក៏វាយប្រតាយប្រតប់គ្នាឈានដល់យកកាំបិតចាក់ទៅលើបុរសរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ពេលដឹកដល់មន្ទីរពេទ្យ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ចំណុចក្នុងបុរីព្រែកតាសេក ផ្លូវបេតុងក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីបុរសជាសន្តិសុខម្នាក់ សុំមិនបញ្ចេញឈ្មោះដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានឃើញបុរសជនជាតិវៀតណាមមួយក្រុម បានអង្គុយផឹកស៊ីជុំគ្នា នៅក្នុងបុរីព្រែកតាសេក ក្រោយមកស្រាប់តែឮសូសំឡេង ប្រកែកគ្នាខ្លាំងៗ និងកើតជាជម្លោះពាក្យសម្តី ធ្វើឲ្យភាគីខាងជនរងគ្រោះបានហៅ ភាគីបុរសជនបង្កនឹងជាជនដៃដល់ ឡើងទៅជាន់ទី៣ ហើយក៏បានវាយប្រតាយប្រតប់គ្នាផ្អើលពេញក្នុងបុរី ក្រោយមកក៏ឃើញភាគីជនរងគ្រោះ បានរត់ចុះមកខាងក្រោមវិញ ដោយនៅលើដងខ្លួននឹងមុខប្រឡាក់សុទ្ធតែឈាម ហើយភា្លមៗនោះដែរ អ្នករស់នៅជាមួយគ្នាក៏បានបាញ់ទឹកលាងឈាម បន្ទាប់មកបានទាក់ទងទៅរថយន្តសាមុយនៃមន្ទីរពេទ្យឯកជនមួយដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ តែដោយសភាពរបួសធ្ងន់ធ្ងរពេក ក៏បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ក្រោយពេលកើតហេតុសន្តិសុខប្រចាំនៅក្នុងបុរីព្រែកតាសេក បានរាយការណ៍ទៅថ្នាក់លើ និងសមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយក៏ឃាត់ជនដៃដល់ ចំណែកឯមនុស្សប្រុសស្រីចំនួន៨អ្នកទៀតសមត្ថកិច្ចឃាត់យកទៅសួរនាំ។ រួចសមត្ថកិច្ចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកទីតាំងកើតហេតុ ដើម្បីពិនិត្យទៅលើសព ក្រោយពេលសមត្ថកិច្ចជំនាញពិនិត្យរួចក៏បានបញ្ជាក់ថា សពជនរងគ្រោះពិតជាស្លាប់ ដោយសារតែស្នាមកំបិតចាក់ពិតមែន។ បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

  

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២