សមត្ថកិច្ចខណ្ឌឫស្សីកែវចាប់ជនសង្ស័យប្រើអំពើហិង្សាវាយតបគ្នាទៅសួរនាំ ប្រជាពលរដ្ឋនាំគ្នាទៅតវ៉ាឱ្យដោះលែងវិញ

ភ្នំពេញ៖ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនារសៀលថ្ងៃទី២០ ខែសីហា ម្សិលម៉ិញនេះថា សមត្ថកិច្ចយើងគ្មានសិទ្ធិដោះលែងជនសង្ស័យវាយគ្នានោះទេ ទាល់តែព្រះរាជអាជ្ញាទើបមានសិទ្ធសម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន និងអាចមានសិទ្ធិចាត់ការតាមនីតិវិធីបាន។

បើតាមសម្តីលោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ មានករណីអំពើហិង្សាវាយគ្នាមួយបានកើតឡើងនៅលើផ្លូវលេខ១០០៣ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ក្រោយពីកើតហេតុជនសង្ស័យទាំង៩នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ។លុះដល់ព្រឹកថ្ងៃទី២០ ខែសីហា  ឆ្នាំ២០២៣ មានប្រជាពលរដ្ឋនាំគ្នាមកតវ៉ាបិទផ្លូវ ដើម្បីឲ្យសមត្ថកិច្ចយើងដោះលែងក្រុមជនសង្ស័យទាំងនោះ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋដែលបានមកតវ៉ានៅខាងមុខអធិការដ្ឋាននគរបាលខណ្ឌឬស្សៅកែវ ក៏ដូចជាសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា សមត្ថកិច្ចយើងក្រោយពេលឃាត់ខ្លួនជនសង្ស័យដែលវាយគ្នាទៅវិញទៅមកទាំង៩នាក់នេះ គឺសមត្ថកិច្ចយើងបានរាយការណ៍ជូនថ្នាក់ដឹកនាំ និងព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញាក៏បានឲ្យធ្វើកំណត់ហេតុសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី។

ក្រោយពេលមានការតវ៉ាលោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ ក៏បានអញ្ជើញតំណាងបងប្អូនប្រជាពលរដ្ឋដែលមកតវ៉ាមកប្រាប់អំពីហេតុផលថា បើបងប្អូននាំគ្នាមកតវ៉ានៅខាងមុខអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវនេះ ក៏សមត្ថកិច្ចយើងគ្មានសិទ្ធិដោះលែងជនសង្ស័យទាំងនោះដែរ ទាល់តែមានការឯកភាពពីព្រះរាជអាជ្ញាទើបសមត្ថកិច្ចយើងហ៊ានដោះលែង។ លោកអធិការក៏សូមឲ្យបងប្អូនអញ្ជើញទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីឱ្យខាងតុលាការជាអ្នកផ្តល់ភាពយុត្តិធម៌ឲ្យភាគីទាំងសងខាងថាខាងណាខុសខាងណាត្រូវ៕

  

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២