សមត្ថកិច្ចផ្ទុះអាវុធមួយប្រាវ បង្ក្រាបក្រុមចាប់ជម្រិតចំនួន៣នាក់នៅក្រុងព្រះសីហនុ

សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានផ្ទុះអាវុធបង្ក្រាបករណីចាប់ជម្រិតជនជាតិចិន នៅក្រុងព្រះសីហនុ នាព្រឹកថ្ងៃ២២ ខែសីហា ឆ្នាំ២០២៣នេះ គិតត្រឹមម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃនេះ សមត្ថកិច្ចបង្ក្រាបបានជនសង្ស័យពាក់ពន្ធ័ចំនួន៣នាក់ហើយ និងដកហូតបានសម្ភារៈវត្ថុតាងមួយចំនួន និងកំពុងបន្តប្រតិបត្តិការតាមចាប់ខ្លួនអ្នកពាក់ពន្ធ័មួយចំនួនទៀតដែលព្យាយាមបើករថយន្តរត់គេចខ្លួន។

កម្លាំងនគរបាលបានដេញបង្ក្រាបករណីចាប់ជំរិតជនជាតិចិនមួយករណី នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ពីផ្លូវរង្វង់មូលតោ២ ទៅកាន់ឆ្នេរអូរត្រិះ។

ការបង្ក្រាបនេះ កម្លាំងនគរបាលចាប់បានជនសង្ស័យចំនួន៣នាក់ ជនជាតិចិន និងរំដោះបានជនរងគ្រោះជាជនជាតិចិនដូចគ្នាចំនួន ៣នាក់ផងដែរ។

លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ការបង្ក្រាបករណីចាប់ជំរិតនេះ ជនសង្ស័យក៏បានផ្ទុះអាវុធតដៃជាមួយសមត្ថកិច្ចទៀតផង។ ក្រៅពីការចាប់ខ្លួនជនសង្ស័យ កម្លាំងនគរបាលបានដកហូតកាំភ្លើង១ដើម និងរថយន្តចំនួន២គ្រឿង។

នៅពេលនេះកម្លាំងនគរបាលកំពុងធ្វើការស្រាវជ្រាវបន្តទៀត ដើម្បីស្វែងរកចាប់បក្ខពួកដែលនៅសេសល់៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២