UN អំពាវនាវរកជំនួយ 268 លានដុល្លារ ដើម្បីជួយប្រជាជនអ៊ុយក្រែន នៅអំឡុងពេលរដូវរងារ

អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានចាប់ផ្តើមធ្វើការអំពាវនាវរកជំនួយប្រមាណជា 268 លានដុល្លារដើម្បីគាំទ្រដល់ប្រជាជនអ៊ុយក្រែនជាង 1,3 លាននាក់ ដែលត្រូវការសម្រាប់រដូវរងារខាងមុខនេះ។សង្រ្គាមបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះ ថាមពល ទឹក និងហេដ្ឋារចនាសម្ព័ន្ធឧស្ម័ន ដែលធ្វើឱ្យមនុស្សរាប់លាននាក់ប្រឈមមុខនឹងហានិភ័យខ្លាំង នៅអំឡុងពេលរដូវត្រជាក់ ដែលជាធម្មតាក្នុងប្រទេសអ៊ុយក្រែន ចាប់ផ្តើមពីខែតុលា រហូតដល់ខែមីនា ដែលសីតុណ្ហភាពអាចធ្លាក់ចុះដល់ -30 អង្សាសេ” ។នេះបើយោងតាមអ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានប្រាប់អ្នកសារព័ត៌មាន។

លោក Dujarric បាននិយាយថា UN និងដៃគូរបស់ខ្លួននឹងផ្តល់អាទិភាពដល់ការជួសជុលសង្គ្រោះបន្ទាន់ដល់ផ្ទះនៅក្នុងសហគមន៍ជួរមុខ និងផ្តល់សម្លៀកបំពាក់ ឧបករណ៍កំដៅ និងការផ្គត់ផ្គង់សម្រាប់រដូវរងារ។ លោកបានមានប្រសាសន៍ទៀតថា យើងក៏ផ្តល់អាទិភាពលើការជួសជុលនៅក្នុងមជ្ឈមណ្ឌលផ្លាស់ទីលំនៅ និងជំនួយហិរញ្ញវត្ថុដល់ជនភៀសខ្លួន ដើម្បីធានាថាពួកគេអាចបង់ថ្លៃជួល ឬវិក្កយបត្រប្រើប្រាស់។ អង្គការជំនួយក៏នឹងជួយជួសជុលផងដែរ ដើម្បីធានាថាប្រព័ន្ធកំដៅក្រុងកំពុងដំណើរការ”។

លោក Stephane Dujarric បានបន្ថែមថា ការឆ្លើយតបនឹងពង្រឹងលើកិច្ចខិតខំប្រឹងប្រែង ដែលបានធ្វើឡើងក្នុងរដូវរងារចុងក្រោយ នៅពេលដែលអង្គការមនុស្សធម៌បានជួយដល់មនុស្ស 2.2 លាននាក់ ជាមួយនឹងសេវាកម្មស្រដៀងគ្នា និងបានចែកចាយម៉ាស៊ីនភ្លើងជាង 4,000គ្រឿង ចំពេលមានវិបត្តិថាមពលធ្ងន់ធ្ងរ៕

   

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២