បុរសជនជាតិចិនម្នាក់ខឹងសន្តិសុខហាមមិនឱ្យជក់បារីក្នុងជណ្តើរយន្តបានប្រើហិ.ង្សាទៅលើសន្តិសុខរូបនោះ តែត្រូវអាវុធហត្ថចាប់ឃា.ត់ខ្លួន

ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់​បានប្រើអំពើហិង្សាទៅលើសន្តិសុខយាមអគារ ខណៈសន្តិសុខរូបនោះហាមឃាត់មិនឱ្យជក់បារី​ ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន​ ឃាត់ខ្លួនយកទៅសាកសួរ។ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១១ ​និង២៨នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចអគារ The Bridge សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

​   

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុមានបុរសជនជាតិចិនម្នាក់បានដើរចូលទៅក្នុងបន្ទប់ជណ្តើរយន្តប្រអប់ រួចក៏បានដកបារីមកជក់នៅក្នុងជណ្តើរយន្ត ភ្លាមៗនោះជនរងគ្រោះដែលជាសន្តិសុខយាមអគារ បានចូលទៅឃាត់ ដោយហាមមិនឱ្យមានការជក់បារីនៅក្នុងបន្ទប់ជណ្តើរយន្តឡើយ។

ប៉ុន្តែជនបរទេសរូបនេះមិនបានស្តាប់ទេ ថែមទាំងបញ្ចេញឥរិយាបថច្រឡោតយ៉ាងខ្លាំង រហូតឈានដល់ការប្រើអំពើហិង្សាទៅលើសន្តិសុខរូបនោះ បង្កការភ្ញាក់ផ្អើលតែម្តង។ជនបង្កត្រូវបានក្រុមសន្តិសុខឃាត់ខ្លួន និងទាក់ទងទៅកាន់កងរាជអាវុធហត្ថខណ្ឌ ដើម្បីចុះមកអន្តរាគមន៍ភ្លាមៗផងដែរ។

​  

បន្ទាប់ពីកើតហេតុ កម្លាំងកងរាជអាវុធហត្ថបានចុះមកដល់ រួចឃាត់ខ្លួនជនបង្កនាំទៅការិយាល័យកងរាជអាវុធហត្ថខណ្ឌចំការមនដើម្បីសាកសួរ និងចាត់វិធានការបន្តតាមនីតិវិធី៕

ដោយ​ ៖​ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២