សមត្ថកិច្ចបញ្ជូនក្រុមឧក្រិដ្ឋជនគ្រឿងញៀន និងក្រុមប្រដាប់អាវុធរំដោះអ្នកទោសសរុបចំនួន ១១នាក់ ទៅតុលាការ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនខ្លួនឧក្រិដ្ឋជនមេក្លោងគ្រឿងញៀនដែលក្រុមប្រដាប់អាវុធរំដោះនៅក្នុងគ្លីនិកធ្មេញ ជុំ ចិន្តា ខេត្តសៀមរាប រួមទាំងមេក្លោងរៀបចំផែនការរំដោះ និងបក្ខពួក សរុបចំនួន ១១នាក់ ក្នុងនោះមានទាំងជនជាតិចិន ខ្មែរអាមេរិក ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នេះ ។

មេក្លោងគ្រឿងញៀនដែលក្រុមប្រដាប់អាវុធរំដោះកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ត្រូវបានចាប់ខ្លួនបានមកវិញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។បន្ទាប់ពីបើកប្រតិបត្តិការរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងថៃទី១៧ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀនដែលក្រុមប្រដាប់អាវុធរំដោះ និងបក្ខពួកសរុបទាំងអស់ចំនួន ១១នាក់ និងតាមចាប់ខ្លួនបក្ខពួកដែលនៅសេសសល់ជាបន្តទៀត។

សូមរម្លឹកផងដែរថា មនុស្សមួយក្រុមប្រដាប់ដោយអាវុធគ្រប់ដៃ បានធ្វើសកម្មភាព រំដោះអ្នកទោសជាឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ដែលតុលាការទោសជាង៥០ឆ្នាំ ខណៈដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ករណីនេះ កើតឡើងកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ចំណុចគ្លីនិកធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

មុនពេលកើតហេតុ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិន ទៅគ្លីនិកធ្មេញនោះ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធបានភ្ជង់មន្ដ្រីពន្ធនាគារ ហើយរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។ រួចនាំមន្ត្រីពន្ធនាគារ ចូលទៅក្នុងបន្ទប់គ្លីនិក ។

ក្រោយពីរំដោះ ក្រុមខ្មាន់កាំភ្លើងបានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សែងបារី ពាក់ស្លាកកលេខភ្នំពេញ2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២