ជនសង្ស័យចំនួន​ ១១នាក់ ពាក់ព័ន្ធករណីរំដោះទណ្ឌិតនៅខេត្តសៀមរាប​នោះ ទទួលរងបទចោទប្រកាន់ចំនួន៧បទល្មើស

ករណីរំដោះទណ្ឌិតនៅខេត្តសៀមរាប​ ​តំណាងអយ្យការបានបើកការស៊ើបសួរលើជនសង្ស័យចំនួន​ ១១នាក់​ និងចោទប្រកាន់ចំនួន៧ បទល្មើសរួមមាន ៖​ រៀបចំចាត់តាំងក្រុមជនប្រដាប់​អាវុធ​ សមគំនិតក្នុងអំពើលួចរត់មានស្ថានទម្ងន់ទោស រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ចូលរួមក្នុងក្រុមជនប្រដាប់អាវុធ ចាប់ឃុំឃាំង និង បង្ខាំងមនុស្សដោយខុសច្បាប់​ រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ,ផ្តើមគំនិតក្នុងអំពើ ចាប់ ឃុំឃាំង និងបង្ខាំងមនុស្ស ដោយខុសច្បាប់។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ លោកប្លង់​ សុផល​ បានឱ្យដឹងនៅរសៀលថ្ងៃទី២៩​ ខែសីហា​នេះថា​ ពាក់ព័ន្ធនឹងករណីរំដោះទណ្ឌិតនៅខេត្តសៀមរាប​នោះ តំណាងអយ្យការបានបើកការស៊ើបសួរលើជនសង្ស័យទាំងអស់ បញ្ជូនទៅចៅក្រមស៊ើបសួរ ពីបទ៖

១-រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ,ផ្តើមគំនិតក្នុងអំពើ ចាប់ ឃុំឃាំង និងបង្ខាំងមនុស្ស ដោយខុសច្បាប់មានស្ថានទម្ងន់ទោស លួចរត់មានស្ថានទម្ងន់ទោស (ដោយប្រើប្រាស់អាវុធ) ផ្តើម គំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែងសាធារណៈ និងបទល្មើសសម្អាតប្រាក់ តាមបញ្ញត្តិមាត្រា ៤៨៦ ,មាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ ,មាត្រា ៥៦៤, មាត្រា ២៨ ,មាត្រា ៤៩១ នៃក្រមព្រហ្ម ទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។

 

២-សមគំនិតក្នុងអំពើលួចរត់មានស្ថានទម្ងន់ទោស (ដោយមានប្រើប្រាស់អាវុធ) តាមបញ្ញត្តិ មាត្រា ២៩ និងមាត្រា ៥៦៤ នៃក្រមព្រហ្មទណ្ឌ ។

៣-សមគំនិតក្នុងអំពើរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ, រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមបញ្ញត្តិមាត្រា ២៩ ,មាត្រា ៤៨៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤០ នៃច្បាប់ស្តីពីការ ត្រួត ពិនិត្យគ្រឿងញៀន។

 

៤-សមគំនិតក្នុងអំពើចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ២៩ ,មាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ ។

៥-បោះបង់អាវុធក្នុងទីកន្លែងសាធារណៈ , ផ្តើមគំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែង សាធារណៈ និងសមគំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែងសាធារណៈ តាមបញ្ញត្តិមាត្រា ២៨ , មាត្រា ២៩ និងមាត្រា ៤៩១ នៃក្រមព្រហ្មទណ្ឌ ។

 

៦-រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ចូលរួមក្នុងក្រុមជនប្រដាប់អាវុធ ចាប់ឃុំឃាំង និង បង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ៤៨៦ ,មាត្រា ៤៨៥ និង មាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ។

 

៧-កាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ៤៩០ នៃក្រម ព្រហ្មទណ្ឌ ។

 

សូមជម្រាបផងដែរថា​ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជូនខ្លួនឧក្រិដ្ឋជនមេក្លោងគ្រឿងញៀន ដែលក្រុមប្រដាប់អាវុធរំដោះនៅក្នុងគ្លីនិកធ្មេញ ជុំ ចិន្តា ខេត្តសៀមរាប រួមទាំងមេក្លោងរៀបចំផែនការរំដោះ និងបក្ខពួក សរុបចំនួន ១១នាក់ ក្នុងនោះមានទាំងជនជាតិចិន ខ្មែរអាមេរិក ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីកាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។មេក្លោងគ្រឿងញៀន ដែលក្រុមប្រដាប់អាវុធរំដោះកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

បន្ទាប់ពីបើកប្រតិបត្តិការរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងថៃទី១៧ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀនដែលក្រុមប្រដាប់អាវុធរំដោះ និងបក្ខពួកសរុបទាំងអស់ចំនួន ១១នាក់ និងតាមចាប់ខ្លួនបក្ខពួកដែលនៅសេសសល់ជាបន្តទៀត។

 

ក្រុមប្រដាប់អាវុធប្លន់ទណ្ឌិត ដែលចាប់ខ្លួនមានដូចជា ៖

១. ឈ្មោះ ក្លូអេ យេនរ៉ុង ភេទស្រី ជនជាតិ ចិនតៃវ៉ាន់ កាន់ប៉ាស្ព័រអាមេរិក

២. ឈ្មោះ ផេង ប្រាសិទ្ធសិទ្ធ (ខ្មែរអាមេរិក)

៣. ឈ្មោះ អ៊ិន ចាន់ធី (ខ្មែរអាមេរិក)

៤. ឈ្មោះ សាវី សាវុធ (ខ្មែរអាមេរិក)

៥. ឈ្មោះ សំ ដេវីដ (ខ្មែរអាមេរិក)

៦. ឈ្មោះ រឹម សុផល (ខ្មែរអាមេរិក)

៧. ឈ្មោះ ហ្វ្រូស សារ៉ាត់ សៀន (ខ្មែរអាមេរិក)។

៨. ឈ្មោះ ស៊ឹម សឿន ហៅអាក្លូ

៩. ឈ្មោះ ឆេន យូសេង

១០. ឈ្មោះ អាលសាំម៉ារី សាបាហាម៉ាដ (ជនជាតិតួកគី)

១១. ឈ្មោះ ចិន សិនហាន (ឧក្រិដ្ឋជនមេក្លោងគ្រឿងញៀនដែលក្រុមប្រដាប់អាវុធរំដោះកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

សូមរម្លឹកផងដែរថា កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចគ្លីនិកធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប​  មានមនុស្សមួយក្រុមប្រដាប់ដោយអាវុធគ្រប់ដៃ បានធ្វើសកម្មភាព រំដោះអ្នកទោសជាឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ដែលតុលាការកាត់ទោសជាង៥០ឆ្នាំ ខណៈដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញនោះ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២