ឧត្តមសេនីយ៍ឯក ស រដ្ឋា ត្រូវបានប្រកាសឱ្យចូលកាន់តំណែង ជាស្នងការនគរបាល ខេត្តព្រះសីហនុនាព្រឹកនេះ

ភ្នំពេញ  ៖  លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ស្នងការនគរបាលខេត្តព្រះសីហនុថ្មី នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ។

លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ ត្រូវបានផ្ទេរភារកិច្ចឲ្យទៅជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជំនួសលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលត្រូវបានផ្ទេរភារកិច្ចមកជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សូមជម្រាបផងដែរថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣  ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យសម្រេចផ្ទេរសម្រួលភារកិច្ច និងតែងតាំងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន ២រូប នៃក្រសួងមហាផ្ទៃ មានដូចជា ៖ ១. ឧត្តមសេនីយ៍ឯក ស រដ្ឋា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

២. ឧត្តមសេនីយ៍ទោ ជួន ណារិន ពីស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ចំណែកឯកកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បានចេញសម្រេចផ្ទេរភារកិច្ចលោកឧត្តមសេនីយ៍ទោ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ ជាស្នងការនគរបាលរាជធានីភ្នំពេញ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២