សមត្ថកិច្ចនគរបាលស្រុកបាកាន ឃាត់ខ្លួនជនសង្ស័យម្នាក់ និងគ្រឿងញៀនចំនួន ០២កញ្ចប់ធំ

ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាល អូរតាប៉ោង នៃអធិការដ្ឋាននគរបាលស្រុកបាកាន ចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីដឹកជញ្ជូន រក្សាទុក ជួញដូរ ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

បើយោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកាន បានប្រាប់ឲ្យដឹងថា ដោយអនុវត្តជាប្រចាំ នូវប្រសាសន៍ចង្អុលរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ក្នុងការរក្សា ការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស គ្រប់ប្រភេទក្នុងមូលដ្ឋាន នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៧​ និង១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង ០៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី សាន់ គឹមជា នាយប៉ុស្តិ៍ បានចុះបង្ក្រាបករណីខាងលើ នៅចំណុចផ្ទះឈ្មោះ ផុន សុខា ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិ អូរតាប៉ោង ឃុំអូរតាប៉ោង ជាម្ចាស់ផ្ទះ ពេលសមត្ថកិច្ចធ្វើសកម្មភាពបង្ក្រាប បានរត់គេចខ្លួន តែជាលទ្ធផលសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនបក្ខពួក០១នាក់ទៀត ដែលពួនដេកគ្រលុំភួយលើគ្រែ មានឈ្មោះ ម៉េង ថៃ ហៅ អាសីហា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិដើមរការ ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងរកឃើញ វត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់ធំ ទម្ងន់ ១៥,៤៧ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ ថង់រំលែកថ្នាំចំនួន ០១ ទូរសព្ទ័ម៉ាក iPhone X ចំនួន 0១គ្រឿង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម សេរី ឆ្នាំ២០២២ គ្មានស្លាកលេខ ចំនួន០១គ្រឿង ។

លោកអធិការ បានបន្តថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានឃាត់ខ្លួនយក មកសួរនាំនៅប៉ុស្តិ៍ រួចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីរៀបចំសំណុំបែបបទ ចាត់ការតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២