រកស៊ីអីមិនរក បែរជាមកធ្វើចោរដើរឆក់កាបូបគេនៅតាមដងផ្លូវ ពេលគេចាប់បានចឹងម៉េចដែរ!

នៅវេលាម៉ោង១៨ និង៥០នាទីល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ មានករណីឆក់កាបូបមួយបានកើតឡើងនៅចំណុចផ្លូវផ្ទះតាឆេរ ស្ថិតនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បង្កដោយជនសង្ស័យ ០១នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋ ក្នុងខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវជាមួយកូនស្រី បណ្តាលឲ្យដួលម៉ូតូ ធ្វើឲ្យកូនស្រីរបស់គាត់រងរបួស ពកក្បាល ផ្នែកថ្ងាសមុខចំហៀងខាងស្តាំ និងដាច់រលាត់ស្បែកនៅលើផ្ទៃមុខ និង ផ្នែក ក ។

សមត្ថកិច្ចក្រុងព្រះសីហនុបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះទៅដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានដាក់កម្លាំងតាមស្វែងរកជនសង្ស័យ រហូតដល់វេលាម៉ោង ១៩ និង ០០នាទី ក៏ប្រទះឃើញជនសង្ស័យ នៅផ្លូវមុខផ្សារចិន សមត្ថកិច្ចក៏ស្ទាក់ឃាត់ឲ្យជនសង្ស័យឈប់ម៉ូតូ តែជនសង្ស័យបានព្យាយាមបើកម៉ូតូរត់គេចខ្លួន កម្លាំងសមត្ថកិច្ច បានដេញ រហូតដល់ផ្លូវចំណោតហាងតាផលលើភ្នំ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យបានយកកាបូបដែលធ្វើសកម្មភាពឆក់បាន គប់មកលើសមត្ថកិច្ច កម្លាំងសមត្ថកិច្ចបានបន្តដេញតាមជនសង្ស័យរហូតដល់ចំណុចផ្លូវខ្សែរកាបសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ទើបស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យបាន ។

ជនសង្ស័យធ្វើសកម្មភាពឆកកាបូបពីជនរងគ្រោះនេះមានឈ្មោះឈ្មោះ រើន ភារិន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ផ្លូវខ្សែកាប ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

**វត្ថុតាងចាប់យកបានរួមមាន៖

-ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានស្លាកលេខ (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស)

-កាបូបស្ពាយចំហៀង ០១ ពណ៌ក្រហម ដែលជាផលនៃអំពើចោរកម្ម

**នៅក្នុងកាបូបមាន៖

-លុយអាមេរិក ២,២០០$ (ពីរពាន់ពីររយដុល្លារអាមេរិក)

-លុយខ្មែរ ១,០០០,០០០រៀល (មួយលានរៀល)

-ខ្សែដៃមាស ០១ខ្សែ (ទម្ងន់ ០២ដម្លឹង និង ០៣ជី)

-ទូរស័ព្ទដៃ ០២គ្រឿង (ម៉ាក IPHONE 14 PRO ពណ៌ស្វាយ និងម៉ាក OPPO ពណ៌ខៀវ) ។

 

ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២