លោក ឃ្លាំង ហួត ចុះត្រួតពិនិត្យ និងដកហូតម៉ូតូចំនួន២៦២គ្រឿងពីឃ្លាំងបញ្ចាំ

ភ្នំពេញ ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យឃ្លាំងបញ្ចាំនៅឃ្លាំងរំសេវ ដែលបានឃ្លុំបេបិតបណ្ដោះកន្លងមក ដើម្បីដកហូតម៉ូតូចំនួន ២៦២ គ្រឿងជូនដល់ពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹង និងមានឯកសារត្រឹមត្រូវនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីប្រគល់ជូនទៅពួកគាត់បានប្រើការប្រចាំថ្ងៃវិញ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០២៣ ដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីលោកវរសេនីយ៍ឯក បុត សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក លីម ប៊ុនហេង ព្រះអាជ្ញារងនៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក។

ក្នុងប្រតិបត្តិការនេះដែរ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀតដែលបានបាត់ម៉ូតូ ឬបានដាក់បញ្ចាំម៉ូតូ ត្រូវមកលួសម៉ូតូវិញ និងរកម៉ូតូមិនឃើញនោះ ត្រូវប្រញាប់រួតរះដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីឲ្យអាជ្ញាធរបានរៀបចំត្រួតពិនិត្យឯកសារ និងប្រគល់ម៉ូតូជូនទៅពួកគាត់វិញ។ លោកបានបញ្ជាក់ផងដែរថា ប្រតិបត្តិការចុះត្រួតពិនិត្យមើលទីតាំងឃ្លាំងបញ្ចាំគឺធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម ហើយការផ្អាកមួយរយៈនេះ ដោយសារតែពុំមានកន្លែងគ្រប់គ្រាន់សម្រាប់ស្តុកម៉ូតូដែលត្រូវបានដកហូត។ ដូច្នេះលោកបានបញ្ជាក់ថា សូមធ្វើការឲ្យចប់មួយករណីនេះសិន និងបន្តចុះត្រួតពិនិត្យនៅទីតាំងផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ។

លោកអភិបាលរង បានបញ្ជាក់ថា ប្រតិបត្តិការកន្លងមកកម្លាំងអាជ្ញាធរបានដកហូតម៉ូតូបានជាង១០០០គ្រឿង។ ដូច្នេះនៅព្រឹកថ្ងៃនេះបានដកហូតម៉ូតូចំនួន ២៦២ គ្រឿងប្រគល់ជូនប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹង និងនៅសល់ម៉ូតូជាង ៩០០ គ្រឿងបន្តទៀត ស្តុកនៅឃ្លាំង OCIC សូមឲ្យប្រជាពលរដ្ឋប្រញាប់ដាក់ពាក្យបណ្ដឹងបន្តដើម្បីអាជ្ញាធរបានត្រួតពិនិត្យនឹងប្រគល់ម៉ូតូជូន៕

    

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២