ចាប់បានហើយ! មុខសញ្ញាជនជាតិថៃចំនួន ០៤នាក់ ពាក់ព័ន្ធនឹងអំពើឃាតកម្មលើពលរដ្ឋថៃមួយគ្រួសារ

ភ្នំពេញ ៖ នគរបាលជាតិកម្ពុជា បានសហការជាមួយនគរបាលភូមិន្ទថៃ បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់កំណត់បាន និងឃាត់ខ្លួនមុខសញ្ញាជាជនជាតិថៃ ចំនួន០៤នាក់ ដែលកំពុងសំងំលាក់ខ្លួនក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ បណ្តាលឲ្យកើតមានអំពើឃាតកម្មពលរដ្ឋថៃមួយគ្រួសារ នៅខេត្តសាមុតប្រកាន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ និងមានមនុស្សស្លាប់ចំនួន ០៣នាក់។

ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងមានការចង្អុលដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នាយកដ្ឋានកណ្តាលសន្តិសុខ បានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការផ្លាស់ប្តូរព័ត៌មានជាមួយនគរបាលភូមិន្ទថៃរហូតកំណត់បាន និងឃាត់ខ្លួនមុខសញ្ញាជាជនជាតិថៃចំនួន០៤នាក់ ដែលកំពុងរត់គេច និងសំងំលាក់ខ្លួនពីការតាមចាប់របស់សមត្ថកិច្ច ក្រោយធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ បណ្តាលអោយជនរងគ្រោះជាជនជាតិថៃសម្លាប់គ្រួសាររបស់ខ្លួនឯង ដែលមានម្តាយនិងកូនពីរនាក់ រួចព្យាយាមធ្វើអត្តឃាតខ្លួនតាមក្រោយ ក្រោមកិច្ចសម្របសម្រួលនីតិវិធីដោយអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការនេះបានធ្វើឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ Surachate Hakparn អគ្គស្នងការរងនគរបាលភូមិន្ទថៃ និងគណៈប្រតិភូកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ខណៈកិច្ចពិភាក្សានេះបានផ្តោតសំខាន់ អំពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ឲ្យមានភាពរឹងមាំជិតស្និទ្ធបន្ថែមទៀត សំដៅសម្រេចឲ្យបាននូវលទ្ធផលធំៗ ក្នុងកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២