ធ្វើជាមេផ្ទះ កុំឱ្យទំនេរពេក ទាល់តែចេះជួយរកលុយប្តីខ្លះចឹងបានកើត តែចុងក្រោយត្រូវសមត្ថកិច្ចក្របួចយកទៅធ្វើការអប់រំ ឡើងខ្មាស់គេពេញភូមិ

កម្លាំងជំនាញនគរបាលផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ខេត្តបាត់ដំបងដឹកនាំដោយលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរ) ០១ករណី កាលពីវេលាម៉ោង១៦ និង០០នាទីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៣ ស្ថិតក្នុងភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សបានចំនួន ០៦នាក់ សុទ្ធតែជាស្ត្រី ដែលភាគច្រើនសុទ្ធតែជាអ្នករស់នៅក្នុងភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនៈមណ្ឌល មានតែម្នាក់ប៉ុណ្ណោះរស់នៅក្នុងភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

វត្ថុតាងដកហូតបានរួមមាន៖ បៀរចំនួន ០៥ហ៊ូ ,កម្រាលចំនួន ០២កម្រាល ។

ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៦នាក់ខាងលើនេះ ត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត រួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២