ភ្នំពេញ៖ កីឡាករបាល់ទាត់ដែលជាខ្សែការពារដ៏ឆ្នើមប្រចាំក្លឹបបាល់ទាត់ភ្នំពេញក្រោន យ៉ើ មូស្លីម បាននិយាយរៀបរាប់ពីអារម្មណ៍របស់ខ្លួនបន្ទាប់ពីបានចូលរួមប្រកួតប៉ះជាមួយនឹងក្រុមម៉ាកាវ ក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីថ្ងៃទី ១១ កញ្ញាឆ្នាំ ២០២៣ កន្លងទៅនេះថា៖ «វាជារឿងល្អសម្រាប់ខ្ញុំ ដែលមានឱកាសក្នុងការលេងជាមួយក្រុមម៉ាកាវ ។ ខ្ញុំតែងតែចង់លេង និងចង់ជួយក្រុម ប៉ុន្តែជាការសម្រេចចិត្តរបស់គ្រូ ។


កីឡាករ យ៉ើ មូស្លីម បានបន្តទៀតថា ខ្ញុំពិតជារំភើបក្នុងការបញ្ជូនបាល់ដើម្បីឲ្យអ្នកគាំទ្ររីករាយ ជាមួយនឹងជ័យជម្នះនេះ ។ នៅមុនពេលខ្ញុំប្តូរចូល ខ្ញុំបានតាំងចិត្តរួចហើយថានឹងបញ្ជូនបាល់ ឬក៏អាចជួយក្រុមក្នុងការរកគ្រាប់បន្ថែមទៀត ។ វាគឺជារឿងល្អដែលខ្ញុំអាចធ្វើវាបាន ។ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលទទួលបានការសរសើរជាច្រើនពីអ្នកគាំទ្រ។


សូមជម្រាបផងដែរថា ខ្សែការពារ យ៉ើ មូស្លីម ត្រូវបានដូរចូលជំនួសកីឡាករ កាន់ ពិសាល នៅនាទី៧៦ បន្ទាប់ពីដូរចូលបានប្រមាណ៤នាទីប៉ុណ្ណោះ មូស្លីម បានបញ្ជូនបាល់ឲ្យ រ៉ឹង ប៊ុនហៀង ស៊ុត១គ្រាប់នៅនាទី៨០ ដែលជាគ្រាប់បាល់ទី៤របស់កម្ពុជា ធ្វើឱ្យកម្ពុជាយកឈ្នះម៉ាកាវក្នុងលទ្ធផល 4 ទល់នឹង 0 ៕

សោយ៖ វិកគី

