សមត្ថកិច្ចសម្រេចបិទ គ្លីនីកប៉ខាង ជាបណ្តោះអាសន្ន និងឃាត់ខ្លួនមនុស្ស២នាក់ ពាក់ព័ន្ធសំណុំរឿង ឃាតកម្មសម្លាប់ស្ត្រីជនជាតិកូរ៉េម្នាក់

ភ្នំពេញ ៖ លោកវរៈសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង លោកវរៈសេនីយ៍ត្រី គល់ សុផាត នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ និងសហការជាមួយកម្លាំងពាក់ព័ន្ធកាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងចុះឆែកឆេរនិងបង្ក្រាបករណី ឃាតកម្ម នៅគ្លីនីក ប៉ខាង ផ្ទះលេខ៣១ ភូមិ៤ ផ្លូវ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីស្វែងរកតម្រុយភស្ដុតាងពាក់ព័ន្ធនឹងសំណុំរឿង ឃាតកម្ម, បទលាក់កំបាំងសាកសព និងបទលុបបំបាត់វត្ថុតាង លើស្រ្តីជនជាតិ កូរ៉េ ឈ្មោះ BYIN A  កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៨និង៣០នាទី។

ជាលទ្ធផល លោក ស សំណាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ដកហូតវត្ថុចាប់យក ជាកូនសៀវភៅណែនាំប្រើប្រាស់ថ្នាំ Propofol Lipuro 10mg/ml ចំនួន ០១ច្បាប់ ។ ក្រោយពីឆែកឆេរ គណកម្មការសម្រេចបិទគ្លីនីកនោះជាបណ្តោះអាសន្ន។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋានរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុច គ្លីនីក ប៉ខាងផ្លូវ២៨២ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រួមមានឈ្មោះ LAI WENSHAO ភេទប្រុស ជនជាតិចិន និងឈ្មោះ CAI HUI JUAN ភេទស្រី ជនជាតិចិន៕

  

ដោយ ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២