បុរសម្នាក់ផឹកចំស្រាកាច ទាញពូថៅកាប់ទៅលើប្រពន្ធចំនួន៣ពូថៅ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម

ខេត្តព្រះវិហារ៖ បុរសម្នាក់ផឹកស្រាស្រវឹងជោគខ្លួន បានបង្កជម្លោះទាស់ទែងជាមួយប្រពន្ធ ហើយក៏បានទាញពូថៅកាប់ទៅលើប្រពន្ធចំនួន៣ពូថៅបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម។បន្ទាប់មកជនដៃដល់ជាប្តីបានយកសាំងមកចាក់ដុតខ្លួនឯងបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

បើតាមសមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យជាប្តីមានឈ្មោះ ធី វ៉ូង អាយុ៤៤ឆ្នាំ រស់ភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ ស្រី វឿន អាយុ៤៣ឆ្នាំរស់នៅជាមួយគ្នា។

បើតាមសម្តីប្រជាពលរដ្ឋជិតខាងបានឱ្យដឹងថា កន្លងមកគ្រួសារនេះ ធ្លាប់មានរឿងរ៉ាវឈ្លោះប្រកែកគ្នាជាញឹកញាប់ នៅពេលពួកគេផឹកស្រាស្រវឹងម្តងៗ។ហើយកន្លងមក ខាងប្រពន្ធក៏ធ្លាប់កាប់ប្តីឱ្យរងរបួសម្តងដែរ។ តែពេលនេះពួកគេស្រវឹងបានឈ្លោះប្រកែកគ្នាទៀត ត្រូវប្តីទាញពូថៅកាប់ទៅលើប្រពន្ធចំនួន៣ពួថៅចំក្បាល បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ប្រជាពលរដ្ឋជិតខាងដដែលបានឱ្យដឹងទៀតថា ក្រោយពីសម្លាប់ប្រពន្ធរួច ជនសង្ស័យបានយកសាំងមកចាក់ដុតខ្លួនឯងបណ្តាលឲ្យរងរបួស ហើយក៏រត់ចូលរថយន្តកំពុងបើក តែអ្នកបើកបររថយន្តបានចាប់ហ្វ្រាំងឈប់ទាន់។ បន្ទាប់ពីហេតុការណ៍កើតឡើងសមត្ថកិច្ចបាននាំជនដៃដល់ទៅព្យាបាលនៅមន្ទីរពេទ្យ ដើម្បីបន្តនិតីវិធីពេលក្រោយ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២