ភ្នំពេញ៖ អត្តពលិកកីឡាកាយសម្ព័ន្ធកម្ពុជា បាននាំយកមេដាយមាស ១គ្រឿង និងសំរឹទ្ធ ១គ្រឿង ត្រលប់មកមាតុប្រទេសវិញកាលពីថ្ងៃទី១៨ ខែកញ្ញា កន្លងទៅ ដែលបានយកឈ្នះពីការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ី លើកទី៨ ឆ្នាំ២០២៣ នៅទីក្រុង 𝗨𝗹𝗮𝗮𝗻𝗯𝗮𝗮𝘁𝗮𝗿 ប្រទេសម៉ុហ្គោលី ។

ការឈ្នះបានមេដាយមាសសម្រាប់កីឡាកាយសម្ព័ន្ធរបស់យើងពីការប្រកួតជើងឯកអាស៊ីនេះ វាជាប្រវត្តិសាស្ត្រថ្មីមួយទៀត ព្រោះនេះជាព្រឹត្តិការណ៍ធំនៅក្នុងតំបន់អាស៊ីដោយមាន ១៤ ប្រទេសចូលរួម ហើយយើងឈានដល់ការដណ្តើមបានមេដាយមាស គឺជាមោទនភាពដ៏ឧត្តុង្គឧត្តមបំផុត សម្រាប់ប្រទេសជាតិយើង។
ការដណ្តើមបានមេដាយមាសពីការប្រកួតជើងឯកអាស៊ីជាលើកដំបូងនេះ ដោយសារក្រុមកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកកម្ពុជា ត្រៀមខ្លួនបានល្អ ដោយបានប្រឹងប្រែងហ្វឹកហាត់ខ្លាំង តាំងពីការប្រកួតស៊ីហ្គេមលើកទី៣២ កាលពីខែឧសភា ឆ្នាំ ២០២៣ បានបញ្ចប់រយៈពេល ១០ ថ្ងៃមកម្ល៉េះ។

កីឡាការិនី ស៊ីវ ចន្ថា, ណេម សុខហេង និង ឌឹម អ៊នធីតា ដែលទទួលបានមេដាយមាស វិញ្ញាសា ទ្រីយ៉ូ សម្តែងជាក្រុម។ កីឡាការិនី សួស ស្រីពៅ ដែលទទួលបានមេដាយសំរឹទ្ធ លើវិញ្ញាសាឯកត្តជននារី (Senor IW)។
សូមជម្រាបផងដែរថា សម្រាប់ការប្រកួត Aerobic Gymnastics Asian Championship 2023 នេះ ក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឱ្យសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បញ្ជូនប្រតិភូ និងគ្រូបង្វឹក ៣ នាក់ ព្រមទាំងកីឡាករចំនួន៨នាក់ ក្នុងនោះមាននារី ៧ នាក់ ទៅចូលរួមដោយត្រូវប្រកួតលើវិញ្ញាសាឯកត្តជនទាំងបុរស និងនារី ព្រមទាំងការប្រកួតទ្រីយ៉ូ និងប្រកួតជាក្រុម។ ជាលទ្ធផលពួកគេដណ្តើមបានមេដាយមាស ១ និងសំរឹទ្ធ ១ ហើយប្រតិភូកីឡាកម្ពុជាទើបបាននាំមេដាយទាំងនេះមកដល់មាតុប្រទេសព្រមដោយភាពមោទន៕
ដោយ៖ វិកគី

