លោកប្រធានាធិបតី Biden បានប្រាប់ លោកZelenskiy ដដែលៗថា  «លោក​ប្រធានាធិបតី យើង​នៅ​ជាមួយ​អ្នក យើង​នៅ​ជាមួយ​នឹង​អ្នក»ជាមួយនឹងការផ្តល់កញ្ចប់ជំនួយថ្មីផ្នែកយោធាមានតម្លៃជាទឹកប្រាក់ចំនួន325 លានដុល្លារដល់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ បានធានាដល់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថា ការគាំទ្រដ៏រឹងមាំរបស់សហរដ្ឋអាមេរិក សម្រាប់សង្រ្គាមរបស់គាត់ ដើម្បីវាយលុកការឈ្លានពានរបស់រុស្ស៊ី នឹងត្រូវបានរក្សា ទោះបីជាមានការប្រឆាំងពីសមាជិកសភាគណបក្សសាធារណរដ្ឋមួយចំនួនក្នុងការបញ្ជូនជំនួយរាប់ពាន់លានដុល្លារបន្ថែមទៀតក៏ដោយ។

លោក Biden បាន​ប្រាប់ Zelenskiy ​បន្ទាប់​ពី​ការ​ពិភាក្សារយៈពេល​ពីរ​ម៉ោង​ថា​៖ «លោក​ប្រធានាធិបតី យើង​នៅ​ជាមួយ​អ្នក យើង​នៅ​ជាមួយ​នឹង​អ្នក»។

Zelenskiy បានថ្លែងអំណរគុណដល់លោក Biden សម្រាប់កញ្ចប់ជំនួយយោធាថ្មី 325 លានដុល្លារនៃអាវុធ និងឧបករណ៍ការពារដែនអាកាស ដោយនិយាយថា “វាជាអ្វីដែលទាហានរបស់យើងត្រូវការនៅពេលនេះ” ។

គាត់បាននិយាយថា គាត់ និងលោក Biden បានយល់ព្រមលើជំហានជាក់លាក់ដើម្បីពង្រីកការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែននៅពេលប្រឈមមុខនឹងការបិទផ្លូវរបស់រុស្ស៊ី និងភាពតានតឹងជាមួយប្រទេសជិតខាងប៉ូឡូញ។ គាត់​មិន​បាន​លម្អិត​ពី​ជំហាន​នោះ​ទេ។

 

សំណើររបស់លោក Biden សម្រាប់ទឹកប្រាក់ចំនួន 24 លានដុល្លារបន្ថែមទៀតនៅក្នុងមូលនិធិអ៊ុយក្រែន ដើម្បីជួយចំណាយសម្រាប់វិស័យការពារជាតិ និងជំនួយមនុស្សធម៌របស់អ៊ុយក្រែនរហូតដល់ដំណាច់ឆ្នាំនេះ ត្រូវបានជាប់គាំង ដោយក្រុមគណបក្សសាធារណរដ្ឋដែលមាននិន្នាការរឹងរូសនៅក្នុងសភាតំណាងរាស្រ្តមិនយល់ស្រប។

លោក Biden បាន​និយាយ​ថា រថក្រោះ Abrams របស់​អាមេរិក​ដំបូង​គេ​នឹង​ត្រូវ​បញ្ជូន​ទៅ​អ៊ុយក្រែន​នៅ​សប្តាហ៍​ក្រោយ។ដូចដែលយើងប្តេជ្ញាជួយអ៊ុយក្រែនការពារខ្លួន ឥឡូវនេះយើងក៏ប្តេជ្ញាជួយពួកគេឱ្យងើបឡើងវិញ និងកសាងឡើងវិញនាពេលអនាគត រួមទាំងការគាំទ្រកំណែទម្រង់ដែលនឹងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ” ។

 

បន្ទាប់ពីស្វែងរកការគាំទ្រពីអន្តរជាតិនៅអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ លោក Zelenskiy បានមកទីក្រុងវ៉ាស៊ីនតោនយ៉ាងប្រញាប់ប្រញាល់បំផុត ដើម្បីចូលរួមកិច្ចប្រជុំជាមួយមេដឹកនាំយោធានៅមន្ទីរបញ្ចកោណ។

 

ក្នុងការប្រកាសកញ្ចប់ជំនួយយោធាថ្មីចំនួន 325 លានដុល្លារសម្រាប់អ៊ុយក្រែន លោក Biden បានកោតសរសើរចំពោះភាពក្លាហានរបស់ប្រជាជនអ៊ុយក្រែន នៅពេលដែលគាត់ និង Zelenskiy បានជួបគ្នានៅការិយាល័យ Oval Office ។

រហូតមកដល់ពេលនេះ សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​ជំនួយ​ផ្នែក​សន្តិសុខ និង​មនុស្សធម៌​ប្រមាណ ១១៣ ពាន់​លាន​ដុល្លារ​ទៅ​ជួយ​រដ្ឋាភិបាល​របស់ Zelenskiy ចាប់​តាំង​ពី​រុស្ស៊ី​បាន​ឈ្លានពាន​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០២២៕

ប្រភព៖ Reuters

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២