ភ្នំពេញ៖ក្រុមបាល់ទាត់វិសាខាបន្តការសោកស្តាយក្នុងប្រកួតសប្តាហ៍ថ្មីបន្ទាប់ពីភ្លាត់ចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ០-១ យប់ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣។ក្រុមព្រះខ័នរាជស្វាយរៀងបានបន្តកំណត់ត្រាមិនចាញ់គិតត្រឹមសប្តាហ៍ទី៦ក្នុងការប្រកួតខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤ បន្ទាប់ពីបានយកឈ្នះលើក្រុមម្ចាស់ផ្ទះវិសាខាជ័យជម្នះនេះបានធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀង និងអ្នកគាំទ្ររបស់ខ្លួនរំភើបរីករាយយ៉ាងខ្លាំង បន្ទាប់ពីក្រុមទាំងពីវាយសម្រុកគ្នាទៅវិញទៅមកយ៉ាងជក់ចិត្តដិតអារម្មណ៍។ គ្រាប់បាល់មានតែ១គ្រាប់ប៉ុណ្ណោះបានកើតមានឡើងដោយខ្សែប្រយុទ្ធកាណាដា Marcus Haber នៅនាទី៨២។


ប៉ុន្មានប្រកួតចុងក្រោយនេះឃើញថា វិសាខាហាក់បីដូចជាមិនកាក់កបក្រោយពីភ្លាត់ចាញ់ជាច្រើនប្រកួត ជាពិសេសប្រកួតក្នុងទឹកដីររបស់ខ្លួនជាមួយក្រុមខ្លាំងដែលជាគូប្រជែងរបស់ខ្លួន បរាជ័យ៣ប្រកួតចុងក្រោយ ក្រោមថ្វីជើង បឹងកេត ៤-២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក, ចាញ់ក្លិបភ្នំពេញក្រោន ១-០ នៅទឹកដីរបស់ខ្លួន និងចាញ់ព្រះខ័នរាជស្វាយរៀង ០-១ នៅទឹកដីរបស់ខ្លួនទៀតជំនួបរបស់ម្ចាស់ផ្ទះវិសាខា និងព្រះខ័នរាជស្វាយរៀងក្រោមក្រសែភ្នែកគាំទ្រផ្ទាល់ជិត២ពាន់នាក់បានបញ្ចប់ទៅដោយមានគ្រាប់បាល់តែ១គ្រាប់ប៉ុណ្ណោះ បើទោះជាក្រុមទាំងពីរសម្រុកគ្នាទៅវិញទៅមកក៏ដោយ។។


សូមជម្រាបផងដែរថា ៦ប្រកួតក្នុងលីគកំពូលកម្ពុជារដូវកាលថ្មីនេះ ព្រះខ័នរាជស្វាយរៀង ឈ្នះទាំង៦ប្រកួត រកបាន១៨ពិន្ទុពេញ និងឈរលើកំពូលតារាង ខណៈវិសាខាចាញ់៣ប្រកួតជាប់គ្នា បន្ទាប់ពីឈ្នះ៣ប្រកួតដំបូង៕

ដោយ៖ វិកគី

