ប៉ូលីសកូសូវ៉ូ រឹបអូសបានអាវុធធុនធ្ងន់ និងគ្រាប់រំសេវយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រតិបត្តិការប្រឆាំងក្រុមប្រដាប់អាវុធស៊ែប៊ី

មន្ត្រីប៉ូលីសកូសូវ៉ូកាលពីថ្ងៃច័ន្ទបានរឹបអូសអាវុធធុនធ្ងន់ និងគ្រាប់រំសេវយ៉ាងច្រើនសន្ធឹកសន្ធាប់ពីភូមិមួយនៅភាគខាងជើងរបស់ប្រទេស ដែលជាចំណុចក្តៅនៃការប៉ះទង្គិចគ្នាដែលកំពុងបន្តរវាងអ្នកអនុវត្តច្បាប់ និងជនជាតិស៊ែបប្រដាប់អាវុធតាំងពីថ្ងៃអាទិត្យមកម្ល៉េះ។ ក្រោយមកប៉ូលីសបានបង្ហាញអាវុធធុនធ្ងន់ រថយន្ត និងគ្រាប់រំសេវដែលរឹបអូសបាននៅអំឡុងពេលប៉ះទង្គិចគ្នាពេញមួយថ្ងៃជាមួយក្រុមប្រដាប់អាវុធស៊ែប៊ីនៅក្នុងភូមិ Banjska នៅឯជំរុំប៉ូលីសក្នុងទីក្រុង Mitrovica ។

រដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុង Xhelal Svecla ដែលមានវត្តមាននៅជំរុំប៉ូលីសដែរនោះបាននិយាយថា សកម្មភាពដ៏ធ្ងន់ធ្ងរប្រឆាំងនឹងកូសូវ៉ូត្រូវបានរារាំង។ លោកបាននិយាយថា “យោងតាមព័ត៌មានដែលទទួលបាន រហូតមកដល់ពេលនេះ ភេរវករដែលរងរបួសចំនួនប្រាំមួយនាក់កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ Novi Pazar (នៅប្រទេសស៊ែប៊ី)” ដោយបានស្នើសុំឱ្យអាជ្ញាធរស៊ែប៊ីប្រគល់ពួកគេទៅឱ្យកូសូវ៉ូ សម្រាប់ការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងសកម្មភាពភេរវកម្ម ។ យើង​ចង់​ឲ្យ​ ​ប្រគល់អ្នក​ទាំង​៦​នាក់​នេះ​ទៅ​អាជ្ញាធរ​កូសូវ៉ូ ដើម្បី​ឲ្យ​ពួកគេ​អាច​ប្រឈម​នឹង​ទោសទណ្ឌ។ជាមួយគ្នានេះដែរ យើងចង់ឱ្យប្រទេសស៊ែប៊ី ប្រគល់សមាជិកណាមួយនៃក្រុមនេះ ដែលបានរត់គេចខ្លួនទៅប្រទេសស៊ែប៊ី មកឱ្យយើង»។

រដ្ឋមន្ត្រីរូបនេះបានអះអាងទៀតថា ផែនការរបស់ប្រទេសស៊ែប៊ី ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍ដែលមានមនុស្សរាប់រយនាក់ ក្នុងគោលបំណងធ្វើឱ្យកូសូវ៉ូមានអស្ថិរភាពត្រូវបានបរាជ័យ ហើយអាវុធដែលរឹបអូសបានដោយប៉ូលីសគឺជាអាវុធយោធាដែលផលិតដោយប្រទេសស៊ែប៊ីក្នុងឆ្នាំ 2021 ។

អគ្គនាយកប៉ូលីសកូសូវ៉ូ លោក Gazmend Hoxha បាននិយាយថា ប្រតិបត្តិការនេះគឺជាសកម្មភាពប៉ូលីសដ៏ធំបំផុតនៅក្នុងប្រទេសចាប់តាំងពីសង្គ្រាមកូសូវ៉ូក្នុងឆ្នាំ 1999 ។ហើយប្រតិបត្តិការរបស់សមត្ថកិច្ចនៅតែបន្ត ហើយរហូតមកដល់ពេលនេះ អាវុធយុទ្ធភណ្ឌជាច្រើនប្រភេទ គ្រាប់រ៉ុក្កែត អាវុធជាតិផ្ទុះ រថពាសដែកធុនធ្ងន់១គ្រឿង រថយន្ត២៤គ្រឿង ម៉ូតូ៤៤២គ្រឿង គ្រឿងផ្ទុះ១៥០ដើម ដ្រូន៣គ្រឿង អាវុធ AK47 ចំនួន៣០ដើម ត្រូវបានរកឃើញនៅជុំវិញភូមិ Banjska នោះ។

លោក Hoxha បាននិយាយថា កាំភ្លើងយន្តចំនួនប្រាំមួយដើម កាំភ្លើងត្បាល់ចំនួន 29 ដើម ឯកសណ្ឋានយោធាជាង 100សម្រាប់ ក៏ដូចជាឧបករណ៍ការងារដូចជា  ប៉ែល ខ្នោះដៃ ថ្នាំពេទ្យ និងអាហារដែលប្រើប្រាស់បានយូរ ក៏ត្រូវបានរកឃើញផងដែរ ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២