ពិតជាមានមោទនភាពខ្លាំងមែនទែន ! កីឡាការិនីស្នុកឃ័រកម្ពុជា ស្រួង ភាវី គឺជាស្ដ្រីខ្មែរតែម្នាក់គត់ ដែលត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូង ផ្ដល់ពានរង្វាន់ ​វប្បធម៌បង្រួបបង្រួមជាតិពហុវប្បធម៌ និងពានរង្វាន់ពីក្រសួងព័ត៌មាន កាសែតទស្សនាវដ្តីដ៏ធំនៅកូរ៉េខាងត្បូង

ភ្នំពេញ ៖ នាពេលថ្មីៗនេះ ជម្រើសជាតិប៊ីយ៉ា-ស្នុកឃ័រកម្ពុជា ស្រួង ភាវី គឺជាស្ដ្រីខ្មែរតែម្នាក់គត់ ដែលត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូង ផ្ដល់ពានរង្វាន់ ​វប្បធម៌បង្រួបបង្រួមជាតិពហុវប្បធម៌ និងពានរង្វាន់ពីក្រសួងព័ត៌មាន កាសែតទស្សនាវដ្តីដ៏ធំនៅកូរ៉េខាងត្បូង។  ពានរង្វាន់នេះគឺសម្រាប់បុគ្គលដែលមានការចុះផ្សាយពីសារព័ត៌មានធំៗ អំពីភាពជោគជ័យក្នុងជីវិត រាល់កិច្ចការដែលជាប្រយោជន៍សម្រាប់សង្គមជាតិ ហើយមានប្រជាប្រិយភាពខ្លាំងក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ការទទួលស្គាល់នេះ គឺតំណាងឲ្យជាតិខ្មែរទាំងមូល ព្រោះ ស្រួង ភាវី គឺជាកូនខ្មែរ តែបានស្នាក់អាស្រ័យនៅលើទឹកដីកូរ៉េ ហើយបានកសាងមុខមាត់ កិត្តិយស កេរ្ដិ៍ឈ្មោះសម្រាប់ប្រទេសកម្ពុជា ។

អ្នកស្រី ស្រួង ភាវី គឺជាស្រ្ដីកម្ពុជាទីមួយដែលមានឈ្មោះល្បីល្បាញលើកីឡាប៊ីយ៉ែការ៉ុមលើទឹកដីកូរ៉េខាងត្បូង។ អ្នកពូកែថ្វីដៃរូបនេះ ជាជើងខ្លាំងលេខមួយប្រចាំនៅប្រទេសកូរ៉េ និងលេខពីរនៅលើពិភពលោក លើវិញ្ញាសាកីឡាប៊ីយ៉ែមការ៉ុម។ អ្នកស្រីធ្លាប់បានលើកឡើងកាលពីពេលចូលរួមកម្មវិធីស៊ីហ្គេមលើកទី ៣២នៅកម្ពុជាថា នៅប្រទេសកូរ៉េឱ្យតែលឺថា ប្រកួតប៉ះជាមួយអ្នកស្រីគេតែងតែខ្លាចរអាគ្រប់គ្នា។

ស្រួង ភាវី តែងតែយកថវិកាពីការប្រកួតនានា បង្វែរទៅធ្វើកម្មវិធីសម្បុរធម៌ នឹងជួយដល់កុមារកម្ពុជា។ ជាក់ស្ដែងអ្នកស្រីទើបនាំគ្រូពេទ្យមកពីកូរ៉េ ដើម្បីព្យាបាលដល់កុមារកម្ពុជាដែលមានជំងឺបេះដូង។ ជាមួយគ្នា អ្នកស្រីក៏ជាទូតសុច្ឆន្ទៈតំណាងឱ្យអង្គការធំនៅប្រទេសកូរ៉េ ដើម្បីជួយដល់កុមារនៅកម្ពុជា ដែលមានជំងឺបេះដូងចំហរ យកមកព្យាបាលនៅប្រទេសកូរ៉េផងដែរ៕

  

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២