ភ្នំពេញ ៖ ខ្សែប្រយុទ្ធសញ្ជាតិដើមកាមេរូន Privat Mbraga ក្លាយជាកីឡាករចូលសញ្ជាតិខ្មែរទី២ ដែលត្រូវចូលរួមជាប្រវត្តិសាស្រ្ត ជាមួយក្រុមជម្រើសជាតិកម្ពុជា ។


សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសជាផ្លូវការពីកីឡាករសញ្ជាតិដើមកាមេរូន Privat Mbarga ឲ្យចូលសញ្ជាតិកម្ពុជាដើម្បីក្លាយជាកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាត្រៀមប្រកួតជម្រុះជើងឯកពិភពលោកឆ្នាំ២០២៦។
នេះជាកីឡាករបាល់ទាត់បរទេសចូលសញ្ជាតិកម្ពុជាទី២ បន្ទាប់ពីកីឡាករជប៉ុន Yudai Ogawa ត្រូវបានប្រកាសផ្តល់សញ្ជាតិជាផ្លូវការកាលពីពេលថ្មីនេះ។


Privat អាយុ៣១ឆ្នាំធ្លាប់លេងនៅលីគកំពូលកម្ពុជាជាច្រើនរដូវកាលក្នុងនោះចូលរួមជាមួយបឹងកេតនៅឆ្នាំ២០១៣ ហើយនៅឆ្នាំ២០១៤-១៥ចូលរួមជាមួយ វេស្ទើនយូណាញធីត។ ឆ្នាំ២០១៥-១៦ រូបគេបានចូលរួមជាមួយអង្គរថាយហ្គឺរ និងឆ្នាំ២០១៦-១៧ចូលរួមជាមួយណាហ្គាវើលដ៍មុនពេលផ្លាស់ទៅក្លិបថៃ Samut Prakan ២០១៧-១៨។

សូមជម្រាបថាឆ្នាំ២០១៨-១៩ រូបគេបានត្រឡប់មកកម្ពុជាវិញចូលរួមជាមួយអាស៊ីអឺរ៉ុប មុនពេលចូលរួមជាមួយព្រះខ័នរាជស្វាយរៀង៣រដូវកាលគឺ២០១៩-២០២០ និង២០២១ ជាពេលដែលរូបគេឈ្នះស្បែកជើងមាស២ដង និងជាកីឡាករល្អបំផុតប្រចាំរដូវកាល២០១៩ មុនពេលផ្លាស់ទៅ Bali United របស់ប្រទេសឥណ្ឌូណេស៊ីនៅចុងឆ្នាំ២០២១។

កីឡាករមួយរូបនេះជាកីឡាករដែលមានការតស៊ូ ព្រមទាំងមានសមត្ថភាពមិនធម្មតានៅក្នុងការប្រកួតកន្លងមក អស់រយៈពេលពីរឆ្នាំ បានចាកចេញពី ក្លឹបព្រះខ័នរាជ្យស្វាយរៀង ផ្ទេរ ទៅ ក្លិបយក្ស លីកកំពូលឥណ្ឌូនេស៊ី មកដល់ឆ្នាំ២០២៣ បានក្លាយជនជាតិខ្មែរ ពេញសិទ្ធិ៕

ដោយ៖ វិគី

