នេះហើយឥទ្ធិពលគ្រឿងញៀន! ធ្វើឱ្យយុវជនម្នាក់ឡើងទៅចាប់ផ្កាយលើបង្គោលភ្លើងទាំងព្រឹក នៅក្បែររបងវត្តនាគវ័ន្ត​ តែសំណាងល្អសមត្ថកិច្ចជួយសង្គ្រោះទាន់

ភ្នំពេញ ៖ យុវជនម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិតបានឡើងលើបង្គោលភ្លើងបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋចោមរោមមើលពេញផ្លូវអស់រយៈពេលជាច្រើនម៉ោង។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០២៣ ស្ថិតនៅផ្លូវលេខ ៦០៨ កែងនិងផ្លូវ ៦១៦ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោរាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅម៉ោងប្រហែលជា ៤ និង ៣០នាទីទៀបភ្លឺ គេឃើញយុវជនរូបនេះ ដើរស្លៀកលីអូកាន់ចានមួយ ហើយក៏បានតោងខ្សែភ្លើងឡើងលើបង្គោលភ្លើង ពេលនោះអ្នកអង្គុយហូបកាហ្វេនៅម្ដុំនោះ បានស្រែកឱ្យចុះមកវិញ តែយុវជនរូបនេះដូចជាធ្វើមិនដឹងមិនឮ និងបាត់បង់សតិសង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិត។ ដោយឃើញហេតុការណ៍បែបនេះ ប្រជាពលរដ្ឋបានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗផងដែរ ក្រោយពេលដែលសមត្ថកិច្ចមូលដ្ឋាន ទទួលបានព័ត៌មាននេះភ្លាម កម្លាំងនៃគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះមកដល់ទីតាំងកើតហេតុ ហើយក៏បានលួងលោមឲ្យយុវជនរូបនេះ ឲ្យចុះមកខាងក្រោមវិញ តែយុវជនខាងលើនេះហាក់ដូចជា មិនបានស្ដាប់ការលួងលោមពីសមត្ថកិច្ចនោះឡើយ។

អស់រយៈពេលជាង ៤ម៉ោង ទើបសមត្ថកិច្ចហៅរថយន្តស្ទូចដែលមានកន្រ្តករបស់មន្ទីរសាធារណការឡើងទៅយកយុវជនរូបនោះ ចុះមកខាងក្រោម ហើយក៏បានដឹកតាមរថយន្ត ទៅមន្ទីរសង្គមកិច្ចដើម្បីបន្សាបគ្រឿងញៀន៕

    

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២