ភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាធ្លាក់នៅត្រឹមវគ្គជម្រុះបឋម ជើងឯកពិភពលោកឆ្នាំ២០២៦ បន្ទាប់ពីចាញ់ប៉ាគីស្ថាន ០-១ ក្នុងជើងទី២ នៅទឹកដីប៉ាគីស្ថាន។ នេះជាការធ្លាក់លើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៥ ខណៈកម្ពុជាធ្លាប់បានឡើងជុំទី២ចំនួនពីរលើកហើយ។


បើនិយាយពីប្រវត្តិប្រកួត កម្ពុជាធ្លាប់បរាជ័យត្រឹមវគ្គជម្រុះបឋម World Cup ចំនួន៥ដង។ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាធ្លាប់បានចូលរួមប្រកួតជម្រុះជើងឯកពិភពលោកជុំទី១ចំនួន៧ដង គិតចាប់តាំងពី World Cup បានចាប់ផ្តើមលើកដំបូងនៅឆ្នាំ១៩៥៤។ក្នុងចំណោមការប្រកួតវគ្គជម្រុះជុំបឋមនេះ ក្រុមកម្ពុជាបានបរាជ័យធ្លាក់៥ដង និងឡើងទៅជុំទី២បាន២ដង។ វគ្គជម្រុះបឋមឆ្នាំដែលកម្ពុជាបានឡើងទៅជុំទី២គឺនៅឆ្នាំ២០១៨ និងឆ្នាំ២០២២។


ក្រោយពីការទទួលរងបរាជ័យនេះរួចហើយ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Félix Dalmás លើកទឹកចិត្តដល់ឣ្នកគាំទ្រឲ្យនិយាយពាក្យល្អៗបែបវិជ្ជមានទៅកាន់កីឡាករជម្រើសជាតិ ប្រសើរជាងប្រើពាក្យមិនសមរម្យឬបំបាក់ទឹកចិត្តកីឡាករ។ពេលអ្នកសរសេរអ្វីល្អៗបែបវិជ្ជមាន ឬបង្ហាញសកម្មភាពល្អៗ គឺ ជា ការ ផ្ញើ សារលើកទឹកចិត្ត ដល់ កីឡាករគឺជារឿង ល្អមួយ។ នេះ គឺ ជាការផ្តល់កម្លាំងចិត្តដ៏ សំខាន់ ធ្វើឲ្យអារម្មណ៍កីឡាករមានភាពល្អប្រសើរ ទោះបីវាជារឿងតូចតាចក្តី ប៉ុន្តែវា មានតម្លៃ សម្រាប់កីឡាករ។ ចូរលើកទឹកចិត្តក្រុម ហើយជ្រើសរើសការជឿជាក់ លើពួកគាត់ ដូច្នេះទើបក្រុមអាចឈ្នះបាន៕
ដោយ៖ វិកគី

