កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឃាត់ខ្លួនជនសង្ស័យជាឃា.តករស.ម្លា.ប់សង្សារបស់ខ្លួន នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខនោះបានហើយ

ភ្នំពេញ៖ អង្គភាព នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៣ ម៉ោងប្រហែល ៧ និង៣០នាទី យប់មានករណីឃាតកម្មមួយកើតឡើង បង្កដោយឈ្មោះ លឿង ផល្លី ហៅ លឹប ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ (សង្សាជនរងគ្រោះ) បានធ្វើសកម្មភាពយកកាំបិតបុ័ងតោ កាប់សម្លាប់ទៅលើឈ្មោះ ជឿន ស្រីហុង ភេទស្រី អាយប្រហែល ៣៤ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ ហើយរត់គេចខ្លួនបាត់ ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាអគ្គស្នងការរងទទួលផែន និងលោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះដល់ទីតាំងកន្លែងកើតហេតុស្រាវជ្រាវតាមជំនាញនីតិវិធី និងកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ។

ទើបនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានបន្តដឹកនាំជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង អធិការដ្ឋាននគរបាលក្រុងបាវិត និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ លឿង ផល្លី នៅចំណុចភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើកាំបិតបុ័ងតោ កាប់សម្លាប់លើជនរងគ្រោះឈ្មោះ ជឿន ស្រីហុង ពិតប្រាកដមែន មូលហេតុ ដោយសារប្រច័ណ្ឌនឹងជនរងគ្រោះសុំបែក ទៅមានសង្សាថ្មី។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

       

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២