កុំលេងសើចជាមួយជម្ងឺវិបត្តិផ្លូវចិត្ត! ព្រោះតែរឿងនេះ… ​ធ្វើអត្តឃាតចងកសម្លាប់ខ្លួនម្នាក់ទៀតហើយ

បាត់ដំបង៖ មានករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួនមួយករណីបានកើតឡើង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤ និង១៦នាទីនៅចំណុចភូមិសំរោងជ័យ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដោយជនរងគ្រោះមានឈ្មោះ សែម សល់ ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិប្របហិប ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង បច្ចុប្បន្នជនរងគ្រោះមកស្នាក់នៅជាមួយប្អូនបង្កើតធ្វើចម្ការ នៅភូមិកើតហេតុខាងលើ។

តាមការបំភ្លឺរបស់ឈ្មោះ កាន់ សំណាង ភេទស្រី អាយុ៤០ឆ្នាំ ត្រូវជាក្មួយថ្លៃរបស់ជនរងគ្រោះបានឱ្យដឹងថា ពូថ្លៃរបស់ខ្លួនឈ្មោះ សែម សល់ គាត់បានលែងលះជាមួយប្រពន្ធក្រោយរបស់គាត់ឈ្មោះ សាត វ៉ារី នៅអំឡុងខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីលែងលះគ្នារួច គាត់តែងតែរកសម្លាប់ខ្លួន ដោយហក់ពីលើដើមកកោះ និងហក់ទឹកសម្លាប់ខ្លួន ប៉ុន្តែត្រូវកូនជួយទាន់ (កូនដើម) ម្យ៉ាងវិញទៀតគាត់មានជម្ងឺប្រចាំកាយថែមទៀតផង ។

លុះដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ គាត់បានបាត់ចេញពីផ្ទះ ហើយត្រូវបានបងប្អូន និងក្រុមគ្រួសារ ស្វែងរកដែរ ប៉ុន្តែរកមិនឃើញ រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១២ និង ០០នាទី ស្រាប់តែមីង ចាន់ អ្នកនៅក្នុងស្រុកភូមិនោះដែរ បានមកប្រាប់តាឆើញថា ឃើញខ្មោច(ចងក) នៅលើដើមដង្កៀបក្តាម ពេលនោះតាឆើញបានឱ្យក្មួយៗរបស់គាត់ទៅមើល ក៏បានស្គាល់ថាជាជនរងគ្រោះ ក៏បានរាយការណ៍ទៅសមត្ថកិច្ចតែម្តង ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកបវេល សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ សែម សល់​ ពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន ។ មូលហេតុ មានវិបត្តិផ្លូវចិត្តដោយសារលែងលះជាមួយប្រពន្ធ និងមានជម្ងឺប្រចាំកាយ ។

 

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២