ចេះតែឆ្ងល់ អត់ឃើញធ្វើអីសោះ ឃើញតែដើរស៊ីចាយសប្បាយហ៊ឺហា តាមពិតរកស៊ីជួញដូរគ្រឿងញៀនសោះ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង  នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងអនុវត្តតាមបញ្ជាដឹកនាំផ្ទាល់របស់ លោក ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៧:១៥នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ក្រោមការដឹកនាំនិងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីជួញដូរ និងរក្សាទុក គ្រឿងញៀនដោយខុសច្បាប់នៅចំណុច បណ្តោយផ្លូវលេខK5 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា លទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀននេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់រួមមាន៖

១- ឈ្មោះ យ៉ាង សាវជុន (YANG SAO CHUN) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៨៧។

២- ឈ្មោះ ជ័ង ប៉ជៀន (CHUANG PO CHIEN)ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៩៣។

៣- ឈ្មោះ អ៊ូ ជីនតឺ (WU CHUN TE) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៩៤។

ភស្តុតាងចាប់យកបានសរុបរួមមាន៖ កេតាមីន (KETAMINE) ទម្ងន់ ២១៤៤ក្រាម (២គីឡូ១៤៤ក្រាម)។

 

បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានរៀបចំកសាងសំណុំរឿងបញ្ជូនជនល្មើស និងជនសង្ស័យ ព្រមទាំងវត្ថុតាងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២