ប៉ូលីសកម្ពុជាបញ្ជូនខ្លួនក្រុមឧក្រិដ្ឋជន ជនជាតិជប៉ុន ២៥នាក់ ទៅកាន់ប្រទេសជប៉ុនវិញ

ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជាបានបញ្ជូនខ្លួនក្រុមឧក្រិដ្ឋជន ជនជាតិជប៉ុនចំនួន ២៥នាក់ ពាក់ព័ន្ធនឹងការលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធទូរស័ព្ទ ទៅកាន់ប្រទេសជប៉ុនតាមយន្តហោះពិសេស កាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រុមឧក្រិដ្ឋជន ជនជាតិជប៉ុនទាំង ២៥នាក់នេះ ត្រូវបានសមត្ថកិច្ចកម្ពុជាធ្វើការបង្ក្រាបកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ នៅទីតាំងអាគារមួយកន្លែង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការលួចលាក់ធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធទូរស័ព្ទ ទៅលើជនរងគ្រោះនៅប្រទេសជប៉ុន។

ទាក់ទងករណីនេះ កម្លាំងសមត្ថកិច្ចកម្ពុជាបានអំពាវនាវ ដាស់តឿន និងក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលជាម្ចាស់អាគារជួល ឬទីតាំងជួលនានា ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះការជួលទីតាំងរបស់ខ្លួនទៅឲ្យជនបរទេស ដោយត្រូវសាកសួរព័ត៌មានអំពីគោលបំណងនៃការជួល និងត្រូវមានពិនិត្យឲ្យបានច្បាស់លាស់ ចៀសវៀងនាំឲ្យទីតាំងរបស់ខ្លួន ត្រូវបានប្រើប្រាស់ធ្វើសកម្មភាពបទល្មើស ឬខ្លួនផ្ទាល់អាចក្លាយទៅជាអ្នកសម្រួលផ្ដល់ទីតាំងដល់ការប្រពឹត្តបទល្មើសផងដែរ៕

 

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២