ពិតជាសាហាវពេកហើយ! មិត្តភក្តិធ្វើស៊ីមិត្តភក្តិ អត់លុយចូលស្តីដណ្តឹងកូនក្រមុំគេល្បួងមិត្តភក្តិផឹកស៊ី ពេលស្រវឹងចាប់អារកប្លន់យកម៉ូតូទៅលក់យកលុយឱ្យម៉ែចូលស្តីដណ្តឹង

កម្លាំងនគរបាលក្រុងឧដុង្គម៉ែជ័យបានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ក្រោយពីធ្វើសកម្មភាពល្បួងមិត្តភក្តិទិញស្រារបៀរផឹកជាមួយគ្នារួចយកកាំបិតចុងស្រួចចាក់សម្លាប់ប្លន់យកម៉ូតូទៅលក់ដើម្បីយកលុយឱ្យម៉ែចូលស្តីដណ្តឹងកូនក្រមុំគេ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង៤០យប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចខាងជើងរោងម៉ាស៊ីនកិនស្រូវអប្សរារ៉ាយ ក្នុងភូមិស្រះកែវ សង្កាត់ វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

នគរបាលក្រុងឧដុង្គម៉ែជ័យបានឱ្យដឹងថា មានយុវជនពីរនាក់បានជួបជុំគ្នាផឹកស៊ី ហើយក្រោយឃើញជនរងគ្រោះរាងស្រវឹងបន្តិច ជនបង្កក៏បានយកកាំបិតចុងស្រួចធ្វើសកម្មភាពអារ ក និងចាក់សម្លាប់ជនរងគ្រោះតែម្តងដើម្បីប្លន់យកម៉ូតូ។ ជនរងគ្រោះនៅក្នុងអំពើឃាតកម្មប្លន់សម្លាប់នេះមានឈ្មោះ ណយ ចាន់ណៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាកម្មកររោងចក្រ រស់នៅភូមិរំលេច សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ រីឯយុវជនដៃដល់មានឈ្មោះ ពេជ្រ រ៉ាវី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រដូចគ្នា រស់នៅក្នុងភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

ក្រោយពេលកើតហេតុកម្លាំងនគរបាលជំនាញបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយបានធ្វើការស្រាវជ្រាវកំណត់បានមុខសញ្ញា រួចឈានដល់ការឃាត់ខ្លួនយុវជនដៃដល់បានភ្លាមតែម្តង។ កម្លាំងជំនាញក៏បានដកហូតវត្ថុតាងដែលបន្សល់ទុកនៅកន្លែងកើតហេតុមានដូចជាកូនកាំបិត១ដើម ប្រឡាក់ឈាម ស្បែកជើង១គូ និងស្រាបៀរចំនួន៦កំប៉ុង។

នៅចំពោះមុខសមត្ថកិច្ចជនដៃដល់ឈ្មោះ ពេជ្រ រ៉ាវី បានសារភាពថា ខ្លួន និងជនរងគ្រោះឈ្មោះ ណយ ចាន់ណៃ គឺជាមិត្តភក្តិស្និតស្នាល រួមការងាររោងចក្រជាមួយគ្នា។ដោយសារតែខ្លួនស្រឡាញ់កូនស្រីគេនៅខេត្តតាកែវខ្លាំងពេក ហើយមិនមានលុយទៅចូលស្តីដណ្តឹង ទើបសម្រេចចិត្តសម្លាប់មិត្តភក្តិដើម្បីប្លន់យកម៉ូតូទៅលក់យកលុយឱ្យម្តាយចូលស្តីដណ្តឹងនារីដែលខ្លួនស្រឡាញ់នោះ។

 

បច្ចុប្បន្នយុវជនដៃដល់ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២