បុរសម្នាក់បើករថយន្តលឿនបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យបាក់មួយដើម ចំណែកអ្នកបើកបានរងរបួសបែកមាត់ហូរឈាមស្រោចពេញខ្លួន ។ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្ដម៉ាកKIA ពាក់ស្លាកលេខភ្នំពេញ 2BP-9730 បើកបរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុ នៅមុខវត្តចំប៉ា ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកបង្គោលភ្លើងមួយដើមពេញទំហឹង បណ្ដាលឲ្យទ្រេត ចំណែកឯរថយន្ដបង្កខ្ទេចមួយកំណាត់មុខទាំងស្រុង។ ចំណែកអ្នកបើកបរបានរងរបួសបែកមាត់ហូរឈាមស្រោចពេញខ្លួន ត្រូវបានរថយន្ដសង្រ្គោះដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ពិនិត្យកន្លែងកើតហេតុបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកធ្វើកំណត់ហេតុស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីម្ចាស់រថយន្តបង្កចូលខ្លួនដោះស្រាយនៅពេលក្រោយ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២