ករណីខ្មាន់កាំភ្លើងបាញ់ផ្អើលលើភ្នំគីរីរម្យ មានជនសង្ស័យចំនួន ៤នាក់បានចូលខ្លួនសារភាពហើយ

ភ្នំពេញ៖ មនុសុ្សចំនួន ០៤នាក់ បានចូលខ្លួនសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីបាញ់បោះសេរីបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅចម្ការតែលើភ្នំគីរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ស្នងការនគរបាលខេត្តកំពង់ស្ពឺលោកឧត្តមសេនីយ៍ទោ សម សាមួន បានប្រាប់ឲ្យដឹងដែរថា ពិតជាមានមនុស្សចំនួន ៤នាក់ បានចូលសារភាពមែន និងកំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

ពាក់ព័ន្ធករណីនេះ បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងបាញ់បោះសេរីនៅផ្ទះលំហែរនៅលើខ្នងភ្នំគិរីរម្យរបស់បុគ្គលដ៏មានឥទ្ធិពលម្នាក់ឈ្មោះ  ឆាយ  កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣  សមត្ថកិច្ចចម្រុះបានចុះស្រាវជ្រាវ ដោយរកឃើញសំបកគ្រាប់កាំភ្លើងខ្លីវែងជាង២០០គ្រាប់។

ពាក់ព័ន្ធករណីនេះ នាយឧត្តមសេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទបានធ្វើការប្រកាសថា បើសមត្ថកិច្ចស្រាវជ្រាវរកឃើញថា រូបលោក និងកូនរបស់លោកមានជាប់ពាក់ព័ន្ធនឹងករណីនេះ រូបលោក និងកូនសុខចិត្តបកស័ក្តិចេញពីស្មា ដើរចូលពន្ធនាគារ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២