គ្រោះថ្នាក់មើលមិនឃើញទេ ធ្វើដំណើរលើដងផ្លូវដោយការប្រុងប្រយ័ត្ន! ព្រលប់ម្សិលម៉ិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកកម្មករ និងម៉ូតូបណ្តាលឱ្យស្លាប់ម្នាក់ និងកម្មកររោងចក្រចំនួន១៤នាក់បានរបួសធ្ងន់ ស្រាល

កម្មករ កម្មការិនីរោងចក្រចំនួន ១៤នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ពេលវិលត្រឡប់ទៅលំនៅដ្ឋានវិញ នាព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវលេខ៤១ ចន្លោះគីឡូម៉ែត្រ២៦-២៧ ត្រង់ចំណុចភូមិអណ្ដូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោក ចែម ភឺនរីមវុទ្ធី អភិបាលស្រុកគងពិសី បានដឹកនាំក្រុមការងារចុះសម្រួល និងអន្តរាគមន៍នៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-9396 បានដឹកកម្មករ កម្មការិនីចំនួន ៤៥នាក់ ចេញពីរោងចក្រដើម្បីវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចខាងលើរថយន្តរងគ្រោះបានវ៉ាចែងរថយន្តមួយគ្រឿងផ្សេងទៀត ហើយក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកYAMAHA-MT ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1JH-9772 បើកបរក្នុងទិសដៅផ្ទុយគ្នាបណ្តាលឱ្យអ្នកបើកបរម៉ូតូ ឈ្មោះ ពៅ មន្នី ភេទប្រុស អាយុ ៣៦ឆ្នាំរស់នៅភូមិជៃតាកួន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺស្លាប់នៅនឹងកន្លែងកើតហេតុ ហើយរថយន្តក៏ក្រឡាប់ចាក់កម្មករ កម្មការិនីចូលទៅក្នុងស្រែបណ្តាលឱ្យមានអ្នករងរបួសជាច្រើននាក់។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ រីឯសាកសពបានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មន្ត្រីជំនាញនគរបាលចរាចរនៃអធិការដ្ឋាននគរបាលស្រុកគងពិសីបានបញ្ជាក់ថា ផ្តើមចេញពីការបើកបរល្មើសល្បឿន វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ទើបបណ្តាលឱ្យកើតមានករណីគ្រោះថ្នាក់ខាងលើ។ មន្ត្រីនគរបាលបានអំពាវឱ្យអ្នកបើកបរទាំងឡាយ ពិសេសក្រុមអ្នកដឹកកម្មករ កម្មការីត្រូវបន្តយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ គោរពសិទ្ធិអាទិភាព កុំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ដើម្បីជៀសផុតពីឧបទ្ទវហេតុគ្រោះថ្នាក់ជាយថាហេតុ៕ 

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២