រដ្ឋបាលរាជធានីភ្នំពេញគ្រោងចំណាយថវិកាប្រមាណជា ១០០លានដុល្លារដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន

នៅឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងចំណាយថវិកាប្រមាណជា ១០០លានដុល្លារដើម្បីដោះស្រាយឱ្យបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។គម្រោងនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញាលើកទី៥៣ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ នៅសាលារាជធានីភ្នំពេញក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

នៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញាលើកទី៥៣ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣នាព្រឹកម៉ិញនេះ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងពីការងារចាំបាច់ និងធំៗមួយចំនួនរបស់រដ្ឋបាលរាជធានី ដែលត្រូវអនុវត្តបន្ទាន់ៗ ក្នុងនោះមាន៖ ទី១-សម្រាប់ខែ១១នេះ មានការងារ រៀបចំពិធី បុណ្យអុំទូក អកអំបុក សំពះព្រះខែ ដែលនឹងអាចមានមនុស្សចូលរួមប្រមាណ៣លាននាក់ ក្រោយពីការអាក់ខានច្រើនឆ្នាំដោយសារការរាតត្បាតដោយជម្ងឺកូវិដ-១៩។ ទី២- ការរៀបចំបុណ្យកឋិនទាន ។ទី៣-ការងារអភិវឌ្ឍន៍ ចំពោះមុខនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ក្រោមការយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវធ្វើផែនការឱ្យបានរួចរាល់ក្នុងរយៈពេល៣ខែ ដើម្បីបង្កើតជាគម្រោងធ្វើយ៉ាងណាដោះស្រាយឱ្យបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀង ដោយគម្រោងនេះបានការគាំទ្រពី សេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយ ដែលមានទឹកប្រាក់ប្រមាណជា១០០លានដុល្លារ ដោយត្រូវអនុវត្តនៅឆ្នាំ២០២៤ ។

ឯកឧត្តម កើត ឆែ បានមានប្រសាសន៍បន្តទៀតថា គម្រោងនេះគឺ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងធានធានទឹក និងឧត្តុនិយម សហការគ្នាដើម្បីអនុវត្តគម្រោងនេះ ដែលក្នុងនោះ ក្រសួងធនធានទឹក និងឧត្តុនិយមត្រូវប្រើប្រាស់ថវិកាប្រមាណជា៥០លានដុល្លារដើម្បីបង្វែផ្លូវទឹកកុំឱ្យចូលមករាជធានី។ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេ ចន្លោះស្ពានព្រះមុនីវង្ស និងស្ពានព្រែកសំរោងពីខាងព្រែកប្រាទៅចំផ្សារទំនើបអ៊ីអន៣ ជាមួយនឹងការស្ថាបនាស្ពានកម្ពុជាកូរ៉េផងដែរ ។គម្រោងទាំងនេះគឺសុទ្ធតែមានផលប៉ះពាល់ ដែលអាជ្ញាធររាជធានីភ្នំពេញ ត្រូវដោះស្រាយជាមួយប្រជាពលរដ្ឋ៕

     

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២