សមត្ថកិច្ចបង្ក្រាបសាច់បង្កកជិត៩តោន ដឹកមកពីប្រទេសថៃដោយខុសច្បាប់បម្រុងមកលក់ចែកចាយនៅក្រុងបាត់ដំបង

ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបាត់ដំបងបានធ្វើការឃាត់ចាប់រថយន្ត១គ្រឿង ម៉ាកSSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី ពាក់ស្លាកលេខភ្នំពេញ២AE-៨១៥៧ ពណ៌ទឹកប្រាក់ដឹកផលិតផលសាច់បង្កក់មានដើមកំណើតពីសត្វមកពីប្រទេសថៃ តាមច្រកដូង ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ។

សាច់សត្វបង្កកដឹកមកពីប្រទេសថៃ ដោយខុសច្បាប់ទាំងនោះរួមមាន៖ស្លាបមាន់ និងកោះមាន់ចំនួន ៣៥០ថង ស្មើ៤២០០គីឡូក្រាម, សាច់ប៉ាតតេចំនួន ៤០០ថង ស្មើ ២០០០គីឡូក្រាម, ប្រហិត(ហតដក)ចំនួន ៥០០ថង ស្មើ២៥០០គីឡូក្រាម សរុបទាំងអស់ចំនួន ៨៧០០គីឡូក្រាម ដែលសមត្ថកិច្ចជំនាញធ្វើការបង្ក្រាបបាននៅចំណុចភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង នៅវេលាម៉ោង១៨ និង៤០នាទី នាថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០២៣។

បើតាមមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានឱ្យដឹងថា រថយន្តខាងលើនេះ បានដឹកផលិតផលមានដើមកំណើតពីសត្វមកពីប្រទេសថៃ តាមច្រកដូង(ឡែម) ស្រុកកំរៀង ខេត្តបាត់ដំបង ឆ្ពោះទៅលក់ចែកចាយនៅក្នុងក្រុងបាត់ដំបងដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

    

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២