សមត្ថកិច្ចបញ្ជូនខ្លួនជនជាតិចិន២នាក់ទៅតុលាការ ពីបទប្រព្រឹត្តបទល្មើស ចាប់បង្ខាំង ដើម្បី ជំរិតទារប្រាក់

ភ្នំពេញ៖ ការរិយាល័យ​នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជូនខ្លួនជនសង្ស័យពីរនាក់ជាជនជាចិន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទប្រព្រឹត្តបទល្មើសចាប់បង្ខាំង ដើម្បី ជំរិតទារប្រាក់ចំនួន៦៤០០ដុល្លាអាមេរិក។

ជនសង្ស័យទាំងពីរនាក់នោះគឺទី១-ឈ្មោះ WENG SHENGFENG ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ចិន មុខរបរ អាជីវករ ស្នាក់នៅផ្ទះឃ្លាំងជួលគ្មានលេខ ផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ZHANG YAN ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ចិន មុខរបរ អ្នកបើកបរ រថយន្ត ស្នាក់នៅផ្ទះឃ្លាំងជួលគ្មានលេខ ផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ចំណែក ជនរងគ្រោះមានឈ្មោះ LI CHANFU ភេទ ប្រុស អាយុ ៤៩ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EH ៨៣៩៦៧៩៨ មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ករណីនេះបានកើតឡើងកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅម៉ោងប្រហែល ០០ និង ៣០ នាទី បន្ទាប់ពីមានសេចក្តីរាយការណ៍មកថា មានករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ (ជំរិតទារប្រាក់ចំនួន ៦៤០០ដុល្លារអាមេរិក(ប្រាំមួយពាន់បួនរយដុល្លារអាមេរិក) និង ទូរសព្ទ័ដៃម៉ាកអាយហ្វូន១៣មួយគ្រឿង ប្រព្រឹត្តនៅចំណុចបុរីញូ ថោន ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញនោះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរហូតដល់ចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួនពីរនាក់។

ករណីនេះបង្កឡើងដោយជនសង្ស័យចំនួន០៣ នាក់ ជនជាតិចិន ជិះរថយន្តមួយគ្រឿងម៉ាកTOYOTA PRIUS ពណ៌ ទឹកប្រាក់ មិនចាំស្លាកលេខ ប្រដាប់ដោយអាវុធខ្លីមិនស្គាល់ម៉ាកចំនួន ០២ ដើម បានធ្វើសកម្មភាពចាប់ជនរងគ្រោះ នៅពេលជនរងគ្រោះឈ្មោះ LI CHANFU ភេទ ប្រុស អាយុ ៤៩ ឆ្នាំ ជាជនជាតិចិន បានចេញពីហូបអាហារនៅកន្លែងកើតហេតុ ហើយជនសង្ស័យបាននាំគ្នាចាប់ជនរងគ្រោះដាក់ចូលក្នុងរថយន្តរួចបើករថយន្តដឹកជនរងគ្រោះគេចខ្លួនបាត់តែម្តង។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីមានករណីខាងលើកើតឡើង កម្លាំងជំនាញរបស់ការិយាល័យ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវតាមរយៈការពិនិត្យកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ និងតាមផ្លូវដែលជនសង្ស័យបានដឹកជនរងគ្រោះគេចខ្លួន និងទីតាំងដែលជនសង្ស័យយកជនរងគ្រោះទៅចងទុក រហូតដល់កំណត់ មុខសញ្ញាប្រព្រឹត្តបទល្មើសបាន។ ហើយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង ៤៥នាទី កម្លាំងការិយាល័យ សហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចផ្សាររតនាផ្លាហ្សា ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២