វេជ្ជបណ្ឌិតម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីស៊ីដាច់ប្រាក់ជាង១៤ម៉ឺនដុល្លារ រត់ការចូលធ្វើគ្រូពេទ្យស្ម័គ្រចិត្ត

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិ កា ឆ្នាំ២០២៣ បានឃាត់ខ្លួនវេជ្ជបណ្ឌិតម្នាក់បញ្ជូនទៅតុលាការពីបទរំលោភលើទំនុកចិត្ត (ស៊ីដាច់ប្រាក់គេរត់ការចូលក្រមខណ្ឌគ្រូពេទ្យស្ម័គ្រចិត្ត ជាង១៤ ម៉ឺនដុល្លារអាមេរិក) ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ ប៉ ភេទប្រុស អាយុ៥២ ឆ្នាំ មុខរបរ វេជ្ជបណ្ឌិ មានទីលំនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

 

ប្រភពព័ត៌មានបង្ហើបឲ្យដឹងទៀតថា ជនសង្ស័យមានមិត្តភក្តិជិតស្និតម្នាក់ រាប់អានគ្នាតាំងពីឆ្នាំ១៩៩០ លុះមកដល់តំណាក់កាលផ្ទុះជម្ងឺរាតត្បាតកូវីដ-១៩ មិត្តភក្តិនោះក៏បានពឹងពាក់ជនសង្ស័យ ឲ្យជួយរត់ការកូនក្មួយ៤នាក់ចូលបម្រើការងារជាគ្រូពេទ្យស្ម័គ្រចិត្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀត នៅមន្ទីរពេទ្យព្រះកុសុមៈ ២ នាក់ មណ្ឌលសុខភាពជើងគោក២ នាក់ និងនៅមណ្ឌលស្ម័គ្រចិត្តសេនាពិជ័យ ទៀ បាញ់ ចំនួន២១ នាក់ ។

ការពឹងពាក់នេះដើមបណ្តឹងបានប្រគល់ប្រាក់ឲ្យទៅជនសង្ស័យតាមតំណាក់កាល ដោយក្នុងម្នាក់ៗចាប់ពី ៣៥០០ ដល់ទៅ ៨ ០០០ ដុល្លារ សរុបទាំងអស់ចំនួន ១៤១ ៧០០ ដុល្លារអាមេរិក ។ ក្រោយពេលប្រគល់ និងទទួលប្រាក់ជាបន្តបន្ទាប់រួចហើយ ជនសង្ស័យមិនបានគោរពតាមកិច្ចសន្យា ឬដែលហៅថាការពឹងពាក់នោះទេ ខណៈម្ចាស់លុយសួរនាំជនសង្ស័យចេះតែឆ្លើយដោះសាររហូត ។

ការសន្យាឬការពឹងពាក់នោះបានក្លាយជាការ សន្យាខ្យល់ ដូច្នេះដើមបណ្តឹងក៏បានតាមទារប្រាក់មកវិញ ប៉ុន្តែជនសង្ស័យចេះតែឆ្លើយដាក់អ្នកនេះអ្នកនោះ ថែមទាំងបិទទូរស័ព្ទគេចវេសទៀតផង ។ ដោយមើលឃើញទង្វើដែលលែងឲ្យជឿទុកចិត្ត ម្ចាស់ប្រាក់បានដាក់ពាក្យបណ្តឹងទៅសមត្តកិច្ច ឲ្យជួយចាត់ការតាមផ្លូវច្បាប់ ។

 

ចំណែកជនសង្ស័យបានបដិសេធចំពោះការចោទប្រកាន់នេះ  ដោយអះអាងថា ខ្លួនមិនបានជំពាក់លុយថ្លៃរត់ការទេ ។ តែទោះជាយ៉ាងណាក្តីសំណុំរឿង កំពុងស្ថិតនៅតំណាក់កាលស្ថាប័នអយ្យការបើកការស៊ើបសួរនៅឡើយ ៕

  

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២