អ៊ីស្រាអែលច្រានចោលដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានការផ្អាក និងបង្កើតច្រករបៀងមនុស្សធម៌បន្ថែមនៅតំបន់ GAZA

ក្រសួងការបរទេសអ៊ីស្រាអែលបានច្រានចោលដំណោះស្រាយមួយកាលពីថ្ងៃពុធម្សិលម៉ិញ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានអំពាវនាវឱ្យ “ពង្រីកការផ្អាកមនុស្សធម៌ និងច្រករបៀង” នៅក្នុងតំបន់ហ្គាហ្សា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានដកស្រង់ដោយកាសែត Haaretz បានឱ្យដឹងថា “មិនមានកន្លែងសម្រាប់ការផ្អាកមនុស្សធម៌បន្ថែមនោះទេ” ដរាបណាចំណាប់ខ្មាំងត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាសប៉ាឡេស្ទីន។

បេសកជនរបស់អ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Gilad Erdan ក៏បានពណ៌នាសេចក្តីសម្រេចនេះថា “ផ្តាច់ចេញពីការពិត” ព្រោះថា ខ្លួនមិនថ្កោលទោសក្រុមហាម៉ាស ជុំវិញការវាយប្រហាររបស់ខ្លួនដែលបានវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី 7 ខែតុលា។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធបានអនុម័តសេចក្តីព្រាងដំណោះស្រាយមួយដោយអំពាវនាវឱ្យមាន “ការផ្អាក និងច្រករបៀងមនុស្សធម៌ជាបន្ទាន់ និងបន្ថែម” នៅទូទាំងតំបន់ហ្គាហ្សា។

ប្រទេសចំនួន 12 បានបោះឆ្នោតគាំទ្រដំណោះស្រាយដែលដឹកនាំដោយប្រទេសម៉ាល់តា ខណៈពេលដែលសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងរុស្ស៊ីបានបដិសេធមិនចូលរួមបោះឆ្នោត។ ដំណោះស្រាយ​ក៏​អំពាវនាវ​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំងអស់​ដែល​ត្រូវ​ក្រុម Hamas ចាប់​ឃុំ​ខ្លួន​ជា​ពិសេស​កុមារ។ អ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារ​ផ្លូវអាកាស និង​ដី​ដោយ​ឥត​ឈប់ឈរ​លើ​តំបន់ Gaza Strip ចាប់​តាំង​ពី​មាន​ការ​វាយ​ប្រហារ​ឆ្លង​ព្រំដែន​ដោយ​ក្រុម​តស៊ូ​ប៉ាឡេស្ទីន Hamas កាល​ពី​ថ្ងៃ​ទី ៧ ខែ​តុលា។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនៅហ្គាហ្សាកាលពីថ្ងៃពុធបានប្រកាសថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី 7 ខែតុលានោះមកបានកើនឡើងដល់ 11,500 នាក់ក្នុងនោះមានកុមារចំនួន 4,710 នាក់ និងស្ត្រីចំនួន 3,160 នាក់។ហើយចំនួននៃការស្លាប់ក្នុងចំណោមបុគ្គលិកពេទ្យបានឈានដល់ 200នាក់។សេចក្តីថ្លែងការណ៍បាន​បន្តទៀត​ថា បុគ្គលិក​ការពារ​ជន​ស៊ីវិល ២២ នាក់ និង​អ្នក​កាសែត ៥១ នាក់​ក៏​ត្រូវ​បាន​សម្លាប់​ដែរ ខណៈ​អ្នក​របួស​មាន​ដល់ ២៩ ៨០០ នាក់ ក្នុង​នោះ​ប្រហែល ៧០ ភាគរយ​នៃ​ពួកគេ​ជា​ស្ត្រី និង​កុមារ។ អគាររាប់ពាន់រួមទាំងមន្ទីរពេទ្យ វិហារអ៊ីស្លាម និងព្រះវិហារក៏ត្រូវបានខូចខាត ឬបំផ្លាញផងដែរ នៅក្នុងការវាយប្រហារតាមផ្លូវអាកាស និងជើងគោកឥតឈប់ឈររបស់អ៊ីស្រាអែល ទៅលើតំបន់GAZA ចាប់តាំងពីខែមុន។ យោងតាមតួលេខផ្លូវការ បានឱ្យដឹងថា ចំនួនអ្នកស្លាប់របស់អ៊ីស្រាអែល មានប្រហែល 1,200 នាក់៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២