បង្គាស្រស់ជាង២តោនមានផ្ទុកចាហួយ និងសារធាតុគីមីហាមឃាត់ ដឹកតាមរថយន្តបម្រុងយកមកលក់ចែកចាយនៅរាជធានីភ្នំពេញ តែត្រូវបានសមត្ថកិច្ចបង្ក្រាបបានយកទៅដុតកម្ទេចចោលភ្លាមៗ

ខេត្ត​កណ្ដាល​៖​ បើយោង​តាមការបញ្ជាក់ពី​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងនៅយប់ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះថា​៖​ មន្រ្តីជំនាញ ក.ប.ប.​​ និងនគរបាលសេដ្ឋកិច្ច ស្ទាក់ចាប់បានបង្គាស្រស់ដឹកដោយរថយន្តទួរីសមួយគ្រឿងផ្ទុកនូវសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។

​មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល ដោយមានកិច្ចសហការជាមួយនគរបាលសេដ្ឋកិច្ច នាយប់ថ្ងៃទី​១៦​ ខែវិច្ឆិកា​នេះ​ បានស្ទាក់ចាប់រថយន្តដឹកគ្រឿងសមុទ្រមួយគ្រឿងជារថយន្តម៉ាកទួរីសផ្ទុកនូវបង្គាស្រស់ចំនួន ១២៤កេស ដែលស្មើនឹង ២,១៣០គីឡូក្រាមដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។

ក្នុងប្រតិបត្តិការនោះ​​ មន្រ្តីជំនាញបានរកឃើញសាធារតុគីមី Formolin និងមានចាក់ចាហួយ (CMC) ដែលសារធាតុទាំង២ខាងលើនេះធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ និងខុសច្បាប់ដែលមានចែងជាធរមាន។

គួរបញ្ជាក់ផងដែរថា​ ចំពោះបង្គាទាំងអស់មន្រ្តីជំនាញបានដកហូតយកទៅកម្ទេចចោលភ្លាមៗ និងធ្វើការពិន័យទៅតាមនីតិវិធីបន្តទៀត៕

ដោយ​៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២