សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៤១នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌឫស្សីកែវបានឡោមព័ទ្ធឃាត់ខ្លួនជនសង្ស័យចំនួន៤១នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់។ប្រតិបត្តិការនេះបានធ្វើឡើងកាលពីម៉ោងជាង ១២រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ នៅចំណុចមុខសាលាអូស្ត្រាលី ស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ការចុះបង្ក្រាបនេះធ្វើឡើង ដោយយោងតាមពាក្យបណ្តឹងពីនារីម្នាក់ជាជនជាតិវៀតណាម អាចនិយាយភាសាខ្មែរបានអះអាងថា ប្អូនប្រុសរបស់នាងត្រូវបានគេចាប់ជំរិតទារប្រាក់ចំនួន២៥០០ដុល្លារ ក្រោយពីពួកគេល្បួងឱ្យមកធ្វើការនៅក្រុងបាវិត ខេត្តស្វាយរៀង ប៉ុន្តែក្រុមឧក្រិដ្ឋជនបានចាប់បញ្ជូនមកកាន់រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដោយឡែក ស្ត្រីជាបងស្រីរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា  នាអំឡុងពេលដែលអាជ្ញាធរនាំមកកាន់ទីតាំងចាប់បង្ខាំង ដែលស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ស្ត្រីជាបងជនរងគ្រោះបានបញ្ជាក់ថា ប្អូនប្រុសរបស់នាងបានផ្ញើសារទីតាំងរបស់ក្រុមចាប់ជំរិតនោះមកឱ្យនាង ទើបបានជានាងដឹងទីតាំងច្បាស់បែបនេះ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចមកទីតាំងខាងលើនេះតែម្ដង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចក្នុងរង្វង់ប្រតិបត្តិការនេះបានឲ្យដឹងថា កាលពីវេលាម៉ោង ១២យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣  កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសហការជាមួយកម្លាំងមូលដ្ឋានខណ្ឌឫស្សីកែវ និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះដល់ទីតាំងឡោមព័ទ្ធមួយកន្លែង និងឃាត់ខ្លួនជនសង្ស័យចំនួន៤១នាក់ ក្នុងនោះមានជនជាតិបរទេសចំនួន ៣៣នាក់ ស្រីម្នាក់ ជនជាតិខ្មែរចំនួន៨នាក់។

 

បន្ទាប់ពីប្រតិបត្តិការ កម្លាំងជំនាញបានដកហូតរថយន្តចំនួន៤ គ្រឿងរួមមានរថយន្តម៉ាករ៉ូសរ៉ូយមួយគ្រឿង ម៉ាកធន់ត្រាមួយគ្រឿង ម៉ាកអាល់ហ្វាតមួយគ្រឿង ម៉ាកឡង់គ្រីស័រ មួយគ្រឿង ទូរសព្ទដៃចំនួន ១៧ គ្រឿង និងម៉ូតូ០២ គ្រឿង។

 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាននាំយកមករក្សាទុកនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២