បុរសម្នាក់បើករថយន្តលឿនពេកជ្រុលទៅបុ.ករថយន្តដឹកទឹកកកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យកៀបស្លាប់នៅក្នុងរថយន្ត

ភ្នំពេញ៖ បុរសម្នាក់បានកៀបជាប់បណ្តាលឱ្យស្លាប់នៅក្នុងរថយន្ត ខណៈបើករថយន្តលឿនមិនប្រយ័ត្ន បានជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េដឹកទឹកកកពេញទំហឹងប៉ើងក្រឡាប់ផ្ងារជើង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៤ និង ៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នៅចំណុចទល់មុខផ្សារឯករាជ្យ១ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ជាង សក្កណា អាយុ២៨ឆ្នាំ រស់នៅភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តកូរ៉េដឹកទឹកកកពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2N-8221 បើកបរតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតមកលិច ខណៈបើកមកដល់ចំណុចកើតហេតុបានបង្អង់ល្បឿនបត់ឆ្វេងស្របពេលនោះដែរ ក៏មានបុរសម្នាក់បានបើករថយន្តម៉ាកតូយ៉ូតាកាមរីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-8861 បើកតាមបណ្តោយផ្លូវវេងស្រេង ទិសដៅស្របគ្នាពីកើតមកលិចក្នុងល្បឿនយ៉ាងលឿនបានបុករថយន្តកូរ៉េដឹកទឹកកកចំពីក្រោយពេញទំហឹងបណ្តាលឱ្យប៉ើងរថយន្តដឹកទឹកកកក្រឡាប់ផ្ងារជើងឡើងលើ ចំណែកអ្នកបើករថយន្តកាមរីហាយប្រ៊ីតវិញ បានកៀបជាប់នៅក្នុងរថយន្តត្រូវបានខាងកម្លាំងសង្រ្គោះ ៧១១ មកជួយគាស់យកចេញមកក្រៅតែជាអកុសល ដោយស្ថានភាពធ្ងន់ធ្ងរពេកក៏ស្លាប់នៅក្នុងរថយន្តតែម្តង។ ចំណែកអ្នកបើករថយន្តដឹកទឹកកកបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ពិនិត្យជុំវិញទីតាំងកើតហេតុ រួចក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុស្ទូចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីម្ចាស់រថយន្តទាំងសងខាងចូលខ្លួនដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

    

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២